(កំពង់ធំ)÷ លោក ជិន ហ៊ីន មេឃុំសាលាវិស័យ បានលើកឡើងពីវិស័យទេសចរណ៍ជាច្រើន នៅឃុំរបស់ខ្លួន នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ការមកទស្សនាមាននៅក្នុងតំបន់សហគមន៍ត្រពាំងក្បាលខ្មោចដែលស្ថិតនៅភូមិត្រពាំងក្រោលមានឈ្មោះថាតំបន់លំហែកំសាន្តអូស្មាច់ដែលមាននៅចំណុចគីឡូម៉ែត្រលេខ១៤ បទឆ្វេងតាមផ្លូវក្រាលក្រហមទៅដល់ទីតាំងចម្ងាយ០៧គីឡូម៉ែត្រ។ សហគមន៍អូរខ្លាដេកស្ថិតនៅក្នុងភូមិបុស្សវែងមានឈ្មោះជាតំបន់លំហែកំសាន្តអូរខ្លាដេកដែលមានចម្ងាយនៅចំណុចគីឡូម៉ែត្រលេខ១៦បទឆ្វេង តាមផ្លូវក្រាលគ្រួសក្រហមចម្ងាយប្រវែង០៧គីឡូម៉ែត្រ។ សហគមន៍អូរពោងរោង ស្ថិតនៅក្នុងភូមិឬសី្សដួចមានឈ្មោះថាជាតំបន់លំហែកំសាន្ត អូរពោងរោងដែលមានចំងាយ១៩គីឡូម៉ែត្របទឆ្វេងតាមផ្លូវក្រាសគ្រួសក្រហមដោយគម្រោងអត្ថភាពរបស់ឃុំគាំទ្រឧបត្ថម្ភដោយក្រសួងអភិវឌ្ឍន៍ជនបទ មានសុវត្ថិភាពដល់បងប្អូនទាំងអស់ដែលបានអញ្ជើញទៅទស្សនាដល់ទីតាំងតំបន់លំហែកំសាន្តបែបលក្ខណៈធម្មជាតិពិតៗ។
លោកមេឃុំសាលាវិស័យបានបញ្ជាក់ថា តំបន់ទាំងបីនេះគឺជាតំបន់សហគមន៍ព្រៃឈើដែលបានការពារ និងថែរក្សាយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរឃុំភូមិ និងសមាជិកគណៈកម្មការសហគមន៍ព្រៃនៅតំបន់នោះជាព្រៃស្រោងក្រាសដែលមានឈើចម្រុះគ្រប់ប្រភេទមានទាំងដើមស្រល់ អមតាមដងស្ទឹងព្រៃប្រស់ជាសហគមន៍ដែលនៅជាប់គ្នា។ សម្រាប់រដូវកាលនីមួយៗសម្បូរទៅដោយផ្លែគុយ ផ្លែរំដួល ផ្លែរ៉ូល ផ្លែកណ្ដាប់ចង្អេ និងផ្លែឈើហូបផ្លែជាច្រើនប្រភេទទៀត។ ពិសេសសំបូរទៅដោយផ្សិតក្ងោកផ្សិតកញ្ជោរ និងផ្សិតច្រើនប្រភេទ មានទំពាំងព្រៃ មានដំឡូងគ្រប់ប្រភេទដែលទទួលទានបាន។ ក្នុងនោះផងដែរក៏មានទាំងសត្វផ្សេងៗជាច្រើន មានទាំងសត្វព្រៃ ជីវៈចម្រុះនិងមានត្រីគ្រប់តូច-ធំ គួរឲ្យទាក់ទាញភ្ញៀវមកទស្សនាកំសាន្តសម្រាកថ្ងៃចុងសប្តាហ៍។
លោក ជិន ហ៊ីន មេឃុំសាលាវិស័យក៏បានផ្សព្វផ្សាយបន្ថែម និងអញ្ជើញមកកំសាន្តតំបន់ទេសចរណ៍ថ្មីៗទើបតែបង្កើតថ្មីៗ មានទឹក មានព្រៃឈើ មានផ្លែឈើព្រៃ មានសត្វព្រៃ ស្ទូចត្រី ស្តាប់សម្លេងសត្វស្លាបយំ និងជិះទូក ហែលទឹក ព្រមទាំងមានម្ហូបអាហារបែបលក្ខណៈធម្មជាតិពិតៗនិងមានតម្លៃសមរម្យ រហ័សទាន់ចិត្ត ប្រកបដោយអនាម័យនិងមានសុវត្ថិភាពខ្ពស់។