ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងខេត្តស្ទឹងត្រែង បានរកឃើញកូនផ្សោត ១ក្បាលទៀត ដែលទើបកើតថ្មី នៅក្នុងអន្លង់កាំពី

0

ខេត្តក្រចេះ-ស្ទឹងត្រែង៖ ក្រុមអ្នកស្រាវជ្រាវ នៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ  និងខេត្តស្ទឹងត្រែង រដ្ឋបាលជលផលថ្នាក់កណ្តាល  និងអង្គការ WWF បានកត់ត្រាកូនផ្សោតថ្មីមួយទៀត អាយុប្រហែល ១០ថ្ងៃ ដែលគេបានប្រទះឃើញ កំពុងហែលទឹកលេង នៅអន្លង់កាំពី ស្ថិតក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា ក្រោយទទួលបានព័ត៌មាន ពីការប្រទះឃើញកូនផ្សោត ១ក្បាលថ្មីនេះ ពីសហគមន៍អ្នកចម្លងទូកទេសចរណ៍ និងក្រុមឆ្នាំទន្លេប្រចាំអន្លង់កាំពីនោះមក ក្រុមការងារបានចុះថតបានកូនផ្សោត ១ក្បាល ដែលទើបកើតថ្មីនេះ នៅម៉ោង១១ និង៣០នាទីព្រឹក នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣  នៅចំណុចអន្ទង់វៀន នៃអន្លង់កាំពី។

ក្រុមអ្នកស្រាវជ្រាវបាននិយាយទៀតថា  តាមការអង្កេត កូនផ្សោតទើបកើតថ្មីនេះ មានអាយុប្រមាណ ១០ថ្ងៃ កំពុងហែលទឹកលេងជាមួយផ្សោតពេញវ័យ ៩ក្បាលទៀត នៅក្នុងអន្លង់កាំពី ហើយកូនផ្សោត ១ក្បាលនេះ គឺជាកូនផ្សោតទី ៥ហើយ ដែលក្រុមការងារបានកត់ត្រា ចាប់ពីខែមករា២០២៣ មកដល់ខែកក្កដា២០២៣នេះ។

ក្រុមអ្នកស្រាវជ្រាវបាន បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២២ កន្លងមក ក្រុមការងារបានកត់ត្រាកូនផ្សោត ឃើញមានចំនួន ៦ក្បាល  ,នៅក្នុងឆ្នាំ២០២១ កត់ត្រាបាន ៦ក្បាល និងនៅជាងពាក់កណ្តាលឆ្នាំ២០២៣នេះ ក្រុមការងារស្រាវជ្រាវកត់ត្រាបាន ចំនួន ៥ក្បាល នេះបើគិតពីខែមករា ដល់ខែកក្កដា២០២៣នេះ៕ដោយ៖ឡុង សំបូរ