អភិបាលខេត្តព្រះវិហារ ដឹកនាំមន្ត្រីរាជការធ្វើយុទ្ធនាការជិះកង់ លើចម្ងាយផ្លូវ ២០គីឡូម៉ែត្រ ដើម្បីលើកស្ទួយតម្លៃបេតិកភ័ណ្ឌ និងទេសចរណ៍ នៅក្នុងតំបន់ប្រាសាទកោះកេរ្តិ៍

0

ខេត្តព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី នៅថ្ងៃសៅរ៍ ទី១២សីហា២០២៣ ចុងសប្តាហ៍មកនេះ បានដឹកនាំមន្ត្រីរាជការធ្វើយុទ្ធនាការជិះកង់ ដោយមានអ្នកចូលរួមជាង ២០០នាក់ លើរយៈចម្ងាយផ្លូវ ២០គីឡូម៉ែត្រ ដើម្បីជួយលើកស្ទួយតម្លៃបេតិកភ័ណ្ឌជាតិ តម្លៃទេសចរណ៍ និងអបអរសាទរខួបលើកទី២៤ ទិវាយុវជនអន្តរជាតិ ១២សីហា២០០០-១២សីហា២០២៣ នៅក្នុងបរិវេណប្រាសាទកោះកេរ្តិ៍ ស្ថិតនៅក្នុងស្រុកគូលែន ខេត្តព្រះវិហារ។

អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី មានប្រសាសន៍ថា គោលបំណងសំខាន់ នៃយុទ្ធនាការជិះកង់នេះ ដើម្បីចូលរួមលើកកម្ពស់តម្លៃបេតិកភ័ណ្ឌជាតិ និងវិស័យទេសចរណ៍ ក៏ដូចជា អបអរសាទរខួបលើកទី២៤ ទិវាយុវជនអន្តរជាតិ១២សីហា២០០០-១២សីហា២០២៣ ដែលការជិះកង់នេះ ដើម្បីផ្សព្វផ្សាយទៅដល់សាធារណៈជន និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ពិសេសយុវជនទាំងអស់ ឲ្យងាកមកចាប់អារម្មណ៍ និងយកចិត្តទុកដាក់ជាសំខាន់ ទៅលើបេតិកភ័ណ្ឌជាតិ មានប្រាសាទបុរាណល្អឯក ដែលដូនតាខ្មែរយើងបន្សល់ទុក ដូចជាប្រាសាទកោះកេរ្តិ៍ ព្រមទាំងបុរាណប្រាសាទនានាជាច្រើនទៀត ដែលនៅជុំវិញប្រាសាទ ក្នុងដែនដីស្រុកគូលែន ខេត្តព្រះវិហារនេះ។

លោកអភិបាលខេត្តព្រះវិហារ បានបន្តទៀតថា តាមរយ:សកម្មភាពនេះ បានកត់សំគាល់ឃើញថា យុវជនជាចលករ និងជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ ហេតុនេះយុវជន បានដើរតួនាទីសំខាន់ណាស់ ក្នុងការជួយជំរុញដល់យុវជនដូចគ្នា នេះគឺជាសកម្មភាពមួយ ដែលបានបង្ហាញ អំពីការសាមគ្គីភាព ឆ្លុះបង្ហាញឱ្យឃើញពីស្មារតីសហការល្អ រវាងក្រុមការងារយុវជន និងអាជ្ញាធរមូលដ្ឋាន ដែលសកម្មភាពនេះជាកត្តាមួយ ជួយជំរុញ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដែលមានស្រាប់ នៅក្នុងភូមិសាស្ត្រនេះ ទៅដល់អ្នកទេសចរជាតិ និងអន្តរជាតិ តាមរយ:ព្រឹត្តិការណ៍ និងការងារសង្គមផ្សេងៗ ដើម្បីឱ្យពួកគាត់ចាប់អារម្មណ៍មកទស្សនាកំសាន្ត នៅតំបន់បេតិកភ័ណ្ឌ វប្បធម៌ ដ៏មានតម្លៃរបស់ជាតិ៕ដោយ៖ឡុង សំបូរ