ខេត្តព្រះវិហារ៖កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគបាលខេត្តព្រះវិហារ នឹងបញ្ជូនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធក្នុងសំណុំរឿងចោរកម្ម (ឆក់កាបូបស្ពាយ) ទៅតុលាការខេត្ត ក្រោយបញ្ចប់កិច្ចនីតិវិធីសាកសួរ និងបន្ទាប់ពីបង្ក្រាបនិងចាប់ខ្លួនបាន ដោយកម្លាំងអធិការដ្ឋាននគរបាលស្រុកគូលែន កាលពីម៉ោង៥ និង១០នាទីល្ងាច ថ្ងៃទី២៣កញ្ញា២០២៤ នៅលើផ្លូវជាតិលេខ៦៤ ត្រង់ចំណុចស្រែថ្នល់អំពិល ស្ថិតក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ។
នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្តព្រះវិហារ លោកវរសេនីយ៍ឯក គង់ គា បានប្រាប់ឱ្យដឹងថា ក្រោយទទួលបានការរាយការណ៍ ពីសកម្មភាពចោរឆក់កាបូបនោះភ្លាម លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានចេញបញ្ជាយ៉ាងម៉ឹងម៉ាត់ ដល់កម្លាំងអធិការដ្ឋាននគរបាលស្រុកគូលែន ត្រូវបង្ក្រាបក្រុមចោរឆក់នោះឱ្យខាងតែបាន ដើម្បីទទួលបានទំនុកចិត្ត និងរក្សាសន្តិសុខ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។
ក្រោយទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្តភ្លាម កម្លាំងអធិការដ្ឋាននគរបាលស្រុកគូលែន បានប្រដេញ និងស្ទាក់ចាប់បានមុខសញ្ញាឆក់ រួមទាំងបក្ខពួកចំនួន ៤នាក់ គឺ ១.ឈ្មោះ ហៀង កក្កដា ភេទប្រុស អាយុ ១៨ឆ្នាំ អ្នកធ្វើសកម្មភាព រស់នៅភូមិថ្លុកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ,២.ឈ្មោះ រ៉េត ពិសិន ភេទប្រុស អាយុ ១៦ឆ្នាំ អ្នកចូលរួម ,៣.ឈ្មោះ ឆោម កុសល ភេទប្រុស អាយុ ២៣ឆ្នាំ អ្នកចូលរួម ,៤.ឈ្មោះ ព្រុំ រក្សា ភេទប្រុស អាយុ ១៧ឆ្នាំ អ្នកចូលរួម ជនសង្ស័យទាំង ៣នាក់ រស់នៅភូមិសំបូរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ចំណែក ជនរងគ្រោះដោយសារចោរឆក់កាបូប ឈ្មោះ សៀង យីម ភេទស្រី អាយុ ៤៦ឆ្នាំ រស់នៅភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។
លោកវរសេនីយ៍ឯក គង់ គា បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចដកហូតបានវត្ថុតាង រួមមាន៖ ទូរស័ព្ទដៃ ៦គ្រឿង ប្រាក់ ៤៧ម៉ឺនរៀល និងម៉ូតូ ២គ្រឿង ចំពោះទូរស័ព្ទ ២គ្រឿង និងប្រាក់ ៤៧ម៉ឺនរៀល សមត្ថកិច្ចបានប្រគល់ជូនម្ចាស់ដើមវិញហើយ។ ដោយឡែក ជនសង្ស័យទាំង៤នាក់ កំពុងស្ថិតក្រោមការសាកសួរ និងចងក្រងឯកសារ ពីកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្ត ដើម្បបញ្ជូនទៅតុលាការខេត្ត ចាត់ការជាបន្តតាមនីតិវិធីច្បាប់៕ដោយ៖ឡុង សំបូរ