ដោយ៖ឡុង សំបូរ
ខេត្តព្រះវិហារ៖ ការដាក់ចេញនូវបទបញ្ជារបស់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានធ្វើឡើងនៅថ្ងៃទី២៣កញ្ញា២០២៤ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធា ប្រចាំឆមាសទី១ និងដាក់ចេញទិសដៅការងារយោធា ប្រចាំឆមាសទី២ ឆ្នាំ២០២៤ ដែលមានការចូលរួមពី មេបញ្ជាការរង នាយសេនាធិការ នាយរងសេនាធិការ នាយការិយាល័យ-នាយផ្នែក មេបញ្ជាការគ្រប់បណ្ដាក្រុង-ស្រុកទាំង៨ មេបញ្ជាការកងអនុសេនាធំ និងអង្គភាពចំណុះ ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ផងដែរ។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានផ្សព្វផ្សាយបទបញ្ជារបស់ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ស្ដីអំពីការចុះបង្ក្រាបការពារទប់ស្កាត់ បទល្មើសកាប់ព្រៃឈើអភិរក្សរបស់រដ្ឋ យកដីមកធ្វើជាកម្មសិទ្ធល្មើសច្បាប់ និងបទល្មើសផ្សេងៗទៀត តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងភូមិសាស្ត្រខេត្ដព្រះវិហារ។
លោកឧត្តមសេនីយ៍ទោ មេបញ្ជាការ បានដាក់បទបញ្ជាដល់បណ្តាកងឯកភាព ដែលឈរជើងនៅជាប់ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-ឡាវ ត្រូវបន្តយកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់ ម្ចាស់ការត្រួតពិនិត្យ និងដើរល្បាតឱ្យបានជាប់ជាប្រចាំ ដើម្បីធានាការពារឱ្យបាននូវបូរណភាពទឹកដី និងទប់ស្កាត់ឱ្យបាននូវរាល់បទល្មើសឆ្លងដែននានា ជាពិសេសបញ្ហាបទល្មើសគ្រឿងញៀនឆ្លងដែនខុសច្បាប់។
ទន្ទឹមនេះ លោកឧត្តមសេនីយ៍មេបញ្ជាការ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះបណ្តាអង្គភាពចំណុះសឹករងខេត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តបទបញ្ជា ថ្នាក់លើគ្រប់លំដាប់ថ្នាក់ លើការងារយោធា បូករួមទាំងការទប់ស្កាត់ បង្ក្រាបបទល្មើសឆ្លងដែន បទល្មើសកាប់រុករានទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិ និងការចូលរួមក្នុងកិច្ចការងារសង្គម នាពេលកន្លងមក បានយ៉ាងល្អប្រសើរ។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានណែនាំដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវជៀសវាងឱ្យឆ្ងាយពីការសេព ការប្រើប្រាស់ ការចែកចាយ និងការជួញដូរគ្រឿងញៀនខុសច្បាប់ ព្រោះត្បិតគ្រឿងញៀនវាបានបំផ្លាញអនាគតដ៏ល្អ របស់អស់លោក ប្រសិនបើយោធិនទាំងអស់ មានការពាក់ព័ន្ធនឹងគ្រឿងញៀន៕