អាជ្ញាធរខេត្តកំពង់ធំ ចុះពិនិត្យស្ថានភាពនេសាទបឹងទន្លេសាប ក្នុងភូមិសាស្ត្រឃុំផាត់សណ្ដាយ

0

(កំពង់ធំ)÷ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងប្រត្តិភូអមដំណើរ ចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតំបន់ព្រៃលិចទឹកបឹងទន្លេសាបនៅរដូវបិទនេសាទ និងពិនិត្យមើលសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នៅក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។

ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានកោតសរសើរដល់ក្រុមការងារដែលបានខិតខំយកចិត្តទុកដាក់អនុវត្តការងារតាមផែនការ និងបានដាក់បទបញ្ជាទៅដល់កងកម្លាំងទីបញ្ជាការស្រាលទាំងអស់ ធ្វើយ៉ាងណាត្រូវតែទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទឱ្យបាន ជាពិសេសបទល្មើសធំៗដែលតែងតែកើតនៅលើផ្ទៃបឹងទន្លេសាបនៅរដូវត្រីពងកូននេះ។

នៅក្នុងបេសកកម្មនេះ ឯកឧត្តម នួន ផារ័ត្ន បានចុះពិនិត្យស្ថានភាពបទល្មើសនេសាទនៅចំណុចមួយចំនួនដូចជា តំន់ចុងព្រែឆ្កោក តំបន់ក្រឡុកបាយក្អែក តំបន់ត្រួយវែង តំបន់ព្រែកបា តំបន់ព្រែកតាសោម តំបន់ព្រែកជើងលោង និងតំបន់មុំបី ដែលជាទឹកដីជាប់ព្រំប្រទល់រវាងខេត្តទាំងបី រួមមាន ខេត្តកំពង់ធំ ពោធិសាត់ និងខេត្តកំពង់ឆ្នាំង ។

នៅពេលនេះទៀតឯកឧត្តម នួន ផារ័ត្ន បានអំពាវនាវ ដល់សហគមន៍នេសាទទាំងអស់ រួមទាំងអាជ្ញាធរពាក់ព័ន្ធ សូមបន្តផ្សព្វផ្សាយពីច្បាប់នេសាទ ជូនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ នៅរដូវបិទនេសាទ និងរដូវត្រីពងកូន ។ ម្យ៉ាងវិញទៀត គ្រប់សហគមន៍ទាំងអស់ ត្រូវរៀបចំឱ្យមានជាតំបន់អេកូទេសចរណ៍ធម្មជាតិ មានដូចជា ទស្សនាសត្វស្លាប ទស្សនាផ្ទះបណ្ដែតទឹក ជីវៈចម្រុះ ធនធានធម្មជាតិ ការប្រកបមុខរបរប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ  ក៏ដូចជាការរៀបចំកន្លែងស្នាក់នៅ និងហូបចុកឲ្យមានអនាម័យ និងមានសោភ័ណភាព សម្រាប់អ្នកទេសចរណ៍ ភ្ញៀវជាតិនិងអន្តរជាតិ ដែលជាផ្នែកមួយនៃការបង្កើនប្រាក់ចំណូលបន្ថែមរបស់ប្រជាពលរដ្ឋក្រៅពីការប្រកបមុខរបរនេសាទ។ អត្ថបទលោក ធូ កែវមុន្នី