ខេត្តព្រះវិហារ៖ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ថោ ជេដ្ឋា មកឧបត្ថម្ភដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅក្នុងអង្គភាពវរសេនាតូចលេខ២ ចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ដែលមានមូលដ្ឋានឈរជើង នៅព្រំដែនកម្ពុជា-ថៃ នៃតំបន់អានសេះ ស្ថិតក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ។
អំណោយដែលទទួលបាននៅពេលនោះ រួមមាន៖ អង្ករ មីជាតិ ទឹកស៊ីអ៊ីវ ទឹកម្ទេស ទឹកក្រូច ទឹកបរិសុទ្ធ ត្រីខកំប៉ុង រួមទាំងថវិកាមួយចំនួនទៀត ផងដែរ។
តំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅបំផុត នូវដំណើរចុះសួរសុខទុក្ខ និងការនាំយកអំណោយមកឧតម្ថម្ភដល់ នាយទាហាន នាយទាហានរង និងពលទាហាន របស់គណៈប្រតិភូក្រសួងធនធានទឹក និងឧតុនិយម ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ដែលកម្លាំងទាំងអស់ កំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅក្នុងឱកាសពិធីកាន់បិណ្ឌ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នាពេលនេះ។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មានប្រសាសន៍ សម្តែងការអរគុណ ចំពោះគណៈប្រតិភូក្រសួងធនធានទឹក និងឧតុនិយម ជាពិសេសលោករដ្ឋមន្ត្រី ដែលបានគិតគូ យកចិត្តទុកដាក់ខ្ពស់ ចំពោះកងទ័ពប្រចាំដែន នៅក្នុងបុព្វហេតុការជាតិ ការពារអធិបតេយ្យ បូរណភាពទឹកដី និងប្រជាពលរដ្ឋកម្ពុជា ដែលលោករដ្ឋមន្ត្រី តែងបានជួយទំនុកបំរុងនៅក្នុងពេលនេះ ក៏ដូចនៅពេលកន្លងមក។
រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា បានមានប្រសាសន៍ ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់លោករដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជូនចំពោះកងកម្លាំងប្រចាំព្រំដែន នាឱកាសពិធីកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌនេះ។ លោករដ្ឋលេខាធិការ បានកោតសរសើរ ចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានលះបង់ពេលវេលាដ៏មានតម្លៃ មិនគិតពីបុណ្យទាន ឬ ការជួបជុំគ្រួសារ បើទោះបីនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌក៏ដោយចុះ ដើម្បីបុព្វរួមក្នុងកិច្ចការងារការពារបូរណភាពទឹកកម្ពុជា ៕ ដោយ៖ឡុង សំបូរ