ដោយ អ៊ុក ផ្លុង
សៀមរាប÷ ឯកឧត្តម អុឹង គឹមលាង អភិបាលរង នៃគណៈអភិបាល ខេត្ត សៀមរាប នៅ ថ្ងៃ ពុធ ទី ២៥ខែ កញ្ញា ឆ្នាំ ២០២៤ បានអញ្ជើញជាគណៈអធិបតី ចូលរួម ប្រជុំ ផ្សព្វផ្សាយច្បាប់ស្តីពី ជលផល នៅ ភូមិ មាត់ ខ្លា ឃ្មុំ អន្លង់ សំណរ ស្រុក ជីក្រែងខេត្ត សៀមរាប។ កិច្ចប្រជុំនេះ ស្ថាប័នចូលរួមមាន អគ្គនាយក រង រដ្ឋបាល ជលផល លោក សុង ហុង ,អភិបាល រងស្រុក សូទ្រនិគម,មេឃុំកំពង់ ឃ្លាំង ប៉ុស្តិ៍នគរបាល ឃុំកំពង់ឃ្លាំង,អភិបាល រងស្រុក ជីក្រែង,ប្រធានការិយាល័យ កសិកម្មធនធាន ធម្មជាតិ បរិស្ថាន ស្រុកជីក្រែង,ជំទប់ឃុំ អន្លង់ សំណរ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ អន្លង់ សំណរ, អាវុធហត្ថ ស្រុក ជីក្រែង មន្ត្រី រាជការសរុប១៦ នាក់ បាន ជួបប្រជុំជាមួយប្រជាពលរដ្ឋមកពី ភូមិ មាត់ខ្លា ៧១នាក់ភូមិ ស្ទឹងជ្រៅ ចំនួន៥១នាក់ និងឃុំ កំពង់ឃ្លាំង ០៥នាក់សរុប ចំនួន ១២៧នាក់ ស្រី ១៦ នាក់។ ប្រធានបទនេះផ្ដោតសំខាន់លើផលប៉ះពាល់នៃការប្រើប្រាស់ឧបករណ៍នេសាទ ខុសច្បាប់ប្រភេទ ឆ្នុក ផ្សំអំពូល ភ្លើងពណ៌ចំពោះមច្ឆជាតិ និងការស្នើរសុំដាក់ ឆ្នុកផ្សំអំពូលភ្លើងពណ៌១ គ្រឿង ក្នុង ១ គ្រួសារ ដោយកំណត់ពេល វេលា ។
ប្រជាពលរដ្ឋបាន ត្អូញត្អែរ ប្រាប់ ឯកឧត្តម ថាគ្មានឧបករណ៍នេសាទណាដែលអាច រក អង្ករច្រក ឆ្នាំងបាយ បានទេក្រៅពីដាក់ឆ្នុក? ទន្ទឹម នឹងនោះដែរ ឯកឧត្តម បានជជែកសំណេះសំណាល ផ្សព្វផ្សាយ និងណែនាំពន្យល់ប្រជាពលរដ្ឋពីផលប៉ះពាល់នៃការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ប្រភេទនេះធ្វើឲ្យ មាន ហានិភ័យ ខ្ពស់ ប្រឈមនឹងការដាច់ពូជត្រី។ ប៉ុន្តែ ឯកឧត្តមក៏ មានប្រសាសន៍ ទៅកាន់ប្រជា ពលរដ្ឋ ដែរថា មិនឲ្យ ពួកគាត់អស់សង្ឃឹមទេ ឯកឧត្តមនឹងឲ្យមន្ត្រីជំនាញជលផល ធ្វើការពិសោធន៍មើលថា ការដាក់ឆ្នុក ផ្សំអំពូលភ្លើងពណ៌តើ វាចាប់ត្រីបានប៉ុន្មានគីឡូក្រាមក្នុងរយះ ពេល ១ ម៉ោង ២ ម៉ោង រហូតដល់៥ម៉ោង? ហើយថាត្រូវអនុញ្ញាតឱ្យប្រជាពលរដ្ឋដាក់ឆ្នុក ក្រឡា ប៉ុន្មាន សង់ទីម៉ែត្រ និងរយៈពេលប៉ុន្មានម៉ោងក្នុង១យប់? អគ្គនាយករងរដ្ឋបាលជលផល លោក សុង ហុង បានសន្យាជាមួយប្រជាពលរដ្ឋថា លោក នឹងបញ្ជូនមន្ត្រីជំនាញជលផល ឆាប់ៗមកធ្វើការពិសោធន៍ដាក់ឆ្នុកដោយមិនចាំបាច់ ប្រើអំពូលភ្លើង ពណ៌ និងប្រើអំពូលដើម្បីស្រង់ ទិន្នន័យរួចធ្វើរបាយការណ៍បញ្ជូនទៅក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ឲ្យធ្វើការ ការវិនិច្ឆ័យ សំណើរ សុំរបស់ប្រជាពលរដ្ឋ និងផលប៉ះពាល់ អេកូឡូស៊ីមច្ឆាជាតិ។
ឯកឧត្តម អុឹង គឹមលាង ដាក់បញ្ជាឱ្យ រដ្ឋបាល ស្រុក ជីក្រែង និងសូទ្រនិគម មាន វិធានការទប់ស្កាត់អ្នកបើក កាណូតអត់ ស៊ីមាំង៕