លោក សាយ គឹមឡម បានលើកឡើងថា ការឧបត្ថម្ភទឹកប្រាក់ដល់បេក្ខជនត្រៀមប្រឡងបញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺជាការលើកទឹកចិត្តបេក្ខជននិងលើកកម្ពស់ជីវភាពគ្រួសារសិស្ស

0

(កំពង់ធំ )÷ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានលើកឡើងដូច្នេះនៅក្នុងឱកាសដែលលោកនិងសហការីនាំយកថវិកា ឯកឧត្តម ចាន់ យុត្ថា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំប្រឡាយ និងឃុំពពក ជូនដល់សិស្សានុសិស្សក្រីក្រជាបេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំនួន០៩នាក់ នៅវិទ្យាល័យ ជា ស៊ីមប្រឡាយ ដែលត្រៀមប្រឡងនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤។

ជាមួយគ្នានេះ លោកបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ថោ ជេដ្ឋា ក្រុមការងារចុះមូលដ្ឋានស្រុកស្ទោងនិងឯកឧត្តម ចាន់ យុត្ថា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំប្រឡាយ និងឃុំពពក ឯកឧត្តមតែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខសុខុមាលភាពពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសគ្រួសារនិងសិស្សានុសិស្សក្រីក្រគ្រប់ពេលវេលា។

ក្នុងឱកាសនោះដែរលោកបានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ត្រូវបែងចែកពេលវេលាបានត្រឹមត្រូវក្នុងការត្រៀមលក្ខណៈឱ្យបានល្អប្រសើរជាពិសេស ថែរក្សាសុខភាពឱ្យបានល្អដើម្បីចូលប្រឡងប្រកបដោយសុវត្តិភាព និងជោគជ័យជាស្ថាពរ ហើយត្រូវចេះប្រើប្រាស់ថវិកាដែលក្រុមការងារបានឧបត្ថម្ភនៅពេលនេះឲ្យបានត្រឹមត្រូវតាមតម្រូវការដែលជាក់ស្ដែងនិងជាអាទិភាពបំផុតរបស់ខ្លួន។

លោក សាយ គឹមឡម បានជូនពរដល់បេក្ខជនដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះឲ្យទទួលបានលទ្ធផលជាប់និងបាននិទ្ទេសល្អគ្រប់ៗគ្នាដើម្បីបានបន្តចូលរៀននៅមហាវិទ្យាល័យឯកទេសណាមួយដែលខ្លួនស្រឡាញ់ចូលចិត្ត និងជាតម្រូវការអាទិភាពរបស់ប្រទេសជាតិយើង ហើយប្អូនៗទាំងអស់ត្រូវធ្វើខ្លួនជាយុវជនគម្រូ។

សូមបញ្ជាក់ថា បេក្ខជនដែលត្រៀមប្រឡងទាំង០៩នាក់ ម្នាក់ៗទទួលបាននូវថវិកាចំនួន២០ម៉ឺនរៀល ហើយបេក្ខជនក្រីក្រទាំង៦៦នាក់របស់ស្រុកស្ទោងសុទ្ធតែទទួលបាននូវថវិកា២០ម៉ឺនរៀលដូចគ្នាពីក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង និងទទួលបានការស្នាក់នៅត្រៀមប្រឡងដោយឥតគិតថ្លៃ។ អត្ថបទ វេហាស៍ មក