លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំការពង្រឹងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ក្នុងខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖កិច្ចប្រជុំការពង្រឹងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៦ ខែ តុលា ឆ្នាំ ២០២៤នេះក៏មានការអញ្ជើញចូលរួមមានតំណាងមន្ទីរសាធារណការ  និងដឹកជញ្ជូនខេត្ត មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត រតនាគារខេត្ត លោកនាយកទីចាត់ការផែនការ និងវិនិយោគខេត្ត លោកនាយករងទីចាត់ការ ហិរញ្ញវត្ថុខេត្ត មន្ត្រីបច្ចេកទេសគាំទ្រឃុំ សង្កាត់ លោក លោកស្រីមេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ ជំនួយការ ហិរញ្ញវត្ថុឃុំ សង្កាត់ និងអ្នកទទួលការក្នុងខេត្តព្រះសីហនុផងដែរ។

អង្គប្រជុំក៏មានការពិភាក្សា ពិគ្រោះយោបល់ ដោយលើកឡើងអំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និង ដំណោះស្រាយ ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការ នៃការអនុវត្តគម្រោងមូលនិធិ ឃុំ សង្កាត់ ក្នុងខេត្តព្រះសីហនុ ទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត។

ជាមួយគ្នានេះលោកនាយកទីចាត់ការផែនការ និងវិនិយោគខេត្ត បានធ្វើបទបង្ហាញអំពីដំណើរការ នៃការរៀបចំសំណើគម្រោង នីតិវិធីលទ្ធកម្ម និងការតាមដានការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ដោយអនុ លោមតាមសៀវភៅណែនាំ ស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់។ បន្ថែមពីនេះ ក៏បានធ្វើផ្សព្វផ្សាយខ្លឹម សារលិខិត២៣០៧ សជណ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងការរៀបចំ និងការអនុវត្តគម្រោងមូលនិធិ ឃុំ សង្កាត់ និងលិខិតលេខ៣១៨ សជណ/អរប ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃស្តីពីការផ្សព្វផ្សាយបញ្ជីឈ្មោះអ្នកទទួលការដែលត្រូវបានដាក់ចូលក្នុងបញ្ជីខ្មៅ ឬត្រូវបានហាមឃាត់មិនឱ្យដាក់សំណើដេញថ្លៃកិច្ចសន្យាឃុំ សង្កាត់ ផងដែរ។

នាឱកាសនោះ លោក មីន កុម្ភៈ អភិបាលរងខេត្ត និងជាប្រធានអង្គប្រជុំ បានផ្តាំផ្ញើឱ្យឃុំ សង្កាត់ទាំង អស់ ត្រូវពង្រឹងការចុះពិនិត្យ និងតាមដានក្នុងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ឱ្យបានហ្មត់ចត់ ដើម្បីទទួល បានសមិទ្ធផលមានគុណភាព និងធានាការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានយូរអង្វែង៕

ដោយ៖នាគសមុទ្រ