យោធិនត្រូវចូលសោធននិវត្តន៍ចំនួន២៤រូប នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានទទួលស្បៀងអាហារគ្រឿង ឧបភោគបរិភោគ និងថវិកា អំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី

0

អត្ថបទ វេហាស៍
កំពង់ធំ÷  នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានរៀបចំពិធីសំណេះសំណាល ក្នុងនាមមនោសញ្ចេត នាគោរពស្រឡាញ់ចំពោះយោធិន ដែលធ្លាប់ជាមិត្តរួមអាវុធ និងរួមបំពេញការងារ រួមសុខរួមទុក្ខ ក្នុងសម័យសង្គ្រាមនាពេលកន្លងទៅ ហើយត្រូវបានដាក់ឲ្យចូលសោធននិវត្តន៍ តាមការកំណត់របស់ក្រសួងការពារជាតិ  ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការគោរពដឹងគុណ និងស្រឡាញ់ប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះបងប្អូនយោធិនទាំងចំនួន២៤ រូប ដែលត្រូវបានក្រសួងការពារ ជាតិដាក់ឲ្យចូលសោធននិវត្តន៍ប្រចាំឆ្នាំ ២០២៤ នេះ នឹងបានផ្ដាំផ្ញើដល់បងប្អូនទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព និងត្រូវដាក់ពាក្យស្នើសុំចូលជាសមាជិកសមាគមអតីតយុទ្ធជន ដើម្បីបានទទួលការមើលថែទាំពីគណៈកម្មាធិការសមាគមអតីតយុទ្ធជននៅគ្រប់លំដាប់ថ្នាក់ ក្នុងការជួយដោះស្រាយការលំបាកនានារបស់បងប្អូន ក្នុងពេលដែលបងប្អូនទៅរស់នៅជាជនស៊ីវិលនៅឯមូលដ្ឋានវិញ ។ ជាមួយនោះដែរបងប្អូនត្រូវចូលរួមអនុវត្តតាមការណែនាំរបស់អាជ្ញាធរដែនដីនៅគ្រប់លំដាប់ថ្នាក់ ព្រមទាំងចូលរួមអនុវត្តនូវគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ឲ្យទទួលបានជោគជ័យ។

នៅក្នុងឱកាសសំណេះសំណាលប្រកបដោយមនោសញ្ចេតនាដ៏កក់ក្តៅប្រៀបដូចជាក្រុមគ្រួសារតែមួយ ដែលត្រូវបែកគ្នានៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវស្បៀង អាហារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនយោធិន ដែលត្រូវចូលសោធននិវត្តន៍ទាំងចំនួន២៤រូប ដោយក្នុងម្នាក់ៗទទួលបាននូវអង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន១យួរ ត្រីខកំប៉ុងចំនួន១យួរ និងថវិកាមួយចំនួន ផងដែរ។

លោកវរសេនីយ៍ត្រី ស្រី ចន្ធី តំណាងឲ្យយោធិនដែលត្រូវចូលសោធននិវត្តន៍ទាំង២៤រូប បានថ្លែងនូវការគោរពអរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលតែងតែយកចិត្តទុកដាក់ជួយដោះស្រាយនូវរាល់ការលំបាកជូនដល់យោធិន នៅក្នុងអង្គភាពនិងអតីតយុទ្ធ ជននៅក្នុងខេត្តកំពង់ធំ ប្រកបដោយគុណធម៌ និងមនោសញ្ចេតនាគោរពស្រឡាញ់ និងសូមគោរពជូនពរសម្ដេច លោកជំទាវ និងឧត្តមសេនីយ៍ទោ សោម ស៊ុន សូមទទួលបាននូវពុទ្ធពរទាំង៤ ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។