ដោយវេហាស៍
ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បាទអញ្ជើញទៅត្រួតពិនិត្យការសាងសង់ផ្ទះថ្មីចំនួន ៦៥ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា អតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាត គ្មានដីគ្មានផ្ទះ ឬមានផ្ទះរស់នៅមិនសមរម្យ និងរស់នៅលើដីសាធារណៈនៅខេត្តកំពង់ធំ មានចំនួន៦៥គ្រួសារ ហើយឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ រួមជាមួយអាជ្ញាធរដែនដី ឃុំក្រយា និងរដ្ឋបាលស្រុកសន្ទុក ព្រមទាំងស្ថាប័នជំនាញពាក់ព័ន្ធ រួមជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី ដែលជាគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានខិតខំរួមគ្នា ដើម្បីដោះស្រាយផលប៉ះពាល់ និងបានរៀបចំដីសម្បទានសង្គមកិច្ច ជូនដល់អតីតយុទ្ធជនចំនួន៦៥គ្រួសារថ្មីទៀត ដោយក្នុងមួយគ្រួសារទទួលបានផ្ទះ១ខ្នង និងដីចំនួនមួយហិកតា ។
ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងអំណរគុណចំពោះឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ រួមជាមួយអាជ្ញាធរដែនដី ស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាយកចិត្តទុកដាក់ដោះស្រាយដីសម្បទាន សម្រាប់អតីតយុទ្ធជនចំនួន៦៥គ្រួសារថ្មីទៀត ដើម្បីដំណើរការសាងសង់ផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវជូនពួកគាត់រស់នៅឲ្យបានសមរម្យ។
ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម បានណែនាំដល់ក្រុមបច្ចេកទេសវិស្វករ និងក្រុមជាងសំណង់ទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការសាងសង់ផ្ទះថ្មីនេះ ឲ្យមានគុណភាព នឹងមានសោភ័ណភាព ស្របតាមលក្ខណៈបច្ចេកទេស ដើម្បីជូនបងប្អូនអតីតយុទ្ធជនរបស់យើង រស់នៅប្រកបដោយផាសុកភាព ។ ព្រោះបងប្អូនអតីតយុទ្ធជនរបស់យើងគឺជាអ្នកដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ ដោយបងប្អូនបានរួមចំណែកជាមួយសម្ដេចតេជោ ហ៊ុន សែន ក្នុងការអនុវត្តនូវនយោបាយឈ្នះឈ្នះ ដែលនាំមកនូវការបញ្ចប់សង្គ្រាមទទួលបានសន្តិភាពនៃការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ៕