តម្រូវការរបស់ពលរដ្ឋ ក្នុងមូលដ្ឋានសង្កាត់បឹងកុក​ ចំនួន៣០ករណី ត្រូវបានដោះស្រាយដោយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម

0

កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាល​ ចុះមូលដ្ឋានក្រុងកំពង់ចាម នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ បាន អញ្ជើញបើកអង្គវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ហាប្រឈម និងតម្រូវការនានា ចំនួន ៣០ករណី ដែលបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសង្កាត់បឹងកុក​ បានលើកឡើងនៅវត្តជោតរាមបឹងកុក​ ស្ថិតក្នុងសង្កាត់បឹងកុក​ ក្រុងកំពង់ចាម ។

ក្នុងអង្គវេទិកានេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំការឆ្លើយតបចំពោះ សំណើរ សំណូមពរ និងកង្វល់ ចំនួន៣០ករណី ដែលបងប្អូនប្រជាពលរដ្ឋបានស្នើឡើងរួមមាន ការសុំប័ណ្ណកម្មសិទ្ធិដីធ្លី សុំជួសជុលផ្លូវកៅស៊ូ សុំផ្លូវបេតុង សុំបើកផ្លូវឱ្យបានធំទូលាយ សុំដោះស្រាយបញ្ហាផ្លូវដក់ទឹក សុំស្លាកសញ្ញាចរាចរណ៍ សុំបង្គោលភ្លើង និងអំពូលសូឡាបំភ្លឺផ្លូវ សុំពង្រីកក្លោងទ្វារវត្តបឹងកុក សាមណសិស្ស និស្សិតសុំប័ណ្ណសមធម៌ និងសុំជញ្ជីងថ្លឹងយុត្តិធម៌ដាក់នៅផ្សារបឹងកុក ។ល។ ដែលត្រូវបានដោះស្រាយនៅនឹងកន្លែងតែម្តង ។

ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ ខ្ពង់ខ្ពស់ របស់សម្តេចមហាបបរអធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេស រយៈពេលជាងមួយឆ្នាំមកនេះ គឺបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និង បានដាក់ចេញនូវគោលនយោបាយអទិភាពទាំង ៩ចំណុច និងវិធានការគន្លឹះទាំង៥ សំដៅឆ្ពោះទៅ ការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ក៏ដូចជាការលើកគុណភាពជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋឲ្យកាន់តែមានភាពល្អប្រសើរឡើង​។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ដើម្បីឆ្លុះបញ្ចាំងនៃការដាក់ចេញនូវគោលនយោបាយនោះ​ គឺត្រូវការមតិយោបល់ និងការវាយតម្លៃ ពីសំណាក់បងប្អូនប្រជាពលរដ្ឋត្រឡប់មកវិញ ចង់ដឹងថាតើលទ្ធផលដែលបងប្អូនប្រជាពលរដ្ឋទទួលបានពីគោលនយោបាយនោះកម្រិតណា។ ដូច្នេះដើម្បីថ្នាក់ដឹកនាំ អាចវាស់ស្ទង់ផ្ទៀងផ្ទាត់ ពីលទ្ធផលនោះបាន គឺត្រូវជួបជុំគ្នាដើម្បីធ្វើវេទិកាសាធារណៈ​។

ជាមួយគ្នានេះ ចំពោះការអនុវត្តការងាររដ្ឋបាល របស់រដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាល ផ្តោត សំខាន់ទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពាក់ព័ន្ធទៅនឹងការផ្តល់សេវា ពាក់ព័ន្ធ ទៅនឹងការអភិវឌ្ឍន៍ ជាពិសេសផ្តោតទៅលើការងារ ដែលបម្រើសេចក្តីតម្រូវការ​របស់បងប្អូន ប្រជាពលរដ្ឋ ផងដែរ ៕