កំពង់ធំ÷ លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងបើការដ្ឋានគម្រោងមូលនិធិឃុំ ឆ្នាំ២០២៤ ដែលជាគម្រោងផ្លូវក្រាលគ្រួសក្រហមប្រវែងសរុប ៤.២៦០ម៉ែត្រ និងប្រព័ន្ធលូ ស្ថិតនៅភូមិ សេរីសុខា ភូមិអន្សក្រហាយ ភូមិឈូក ភូមិគ្រួស និងភូមិឈូកស្ទឹង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤
នៅក្នុងឱកាសបើកការដ្ឋាននាពេលនោះ លោក ឃីម សុខឃាង បានណែនាំម្ចាស់ក្រុមហ៊ុនត្រូវយកចិត្តទុកដាក់អនុវត្តការសាងសង់ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីធានាបាននូវផ្លូវមានគុណភាពជាប់ធន់ប្រើប្រាស់បានយូរអង្វែង។ ការសាងសង់ផ្លូវត្រូវអនុវត្តតាមកិច្ចសន្យា ស្តង់ដារបច្ចេកទេស ហើយក្រុមហ៊ុនសាងសង់ផ្លូវត្រូវមានគ្រឿងចក្រ និងសម្ភារបរិក្ខារគ្រប់គ្រាន់ មានប្រវត្តិការសាងសង់ល្អ និងច្បាស់លាស់។
ថ្លែងនៅក្នុងឱកាសបើកការដ្ឋានសាង់សង់ផ្លូវក្រាលគ្រួសក្រហមនាពេលនោះ លោកអភិបាលស្រុក បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាសមិទ្ធផលនានានៅក្នុងសហគមន៏ របស់ខ្លួន ជាពិសេសគឺផ្លូវដែលជាគម្រោងមូលនិធិឃុំនាពេលនេះ ហើយពេលបងប្អូនប្រើប្រាស់ផ្លូវត្រូវធ្វើដំណើរប្រកបដោយការប្រុងប្រយ័ត្នគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមិនត្រូវចាក់ដីឱ្យខ្ពស់ជាងផ្លូវឡើយ ។
លោក ឃីម សុខឃាង បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ដែលជាមាតាបិតា អាណាព្យាបាលត្រូវតែបញ្ជូនកូន ចៅទៅរៀនឱ្យបានគ្រប់គ្នា ព្រោះមានតែការសិក្សាទេដែលធ្វើឱ្យអនាគតរបស់កូនក្លាយទៅជាសិស្សល្អ កូនល្អ មិត្តល្អ ពលរដ្ឋល្អ និងធ្វើឱ្យភូមិឃុំរបស់បងប្អូនមានការអភិវឌ្ឍជាលំដាប់ ៕