សៀមរាប៖ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប មានប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២៤ ក្រោមប្រធានបទ “ការពារមនុស្សជាតិ” ក្រោមអធិបតីភាព លោកជំទាវ សុខ ណារ៉ូ ពៅហេង អនុប្រធានគណៈកម្មាធិការសាខា និងមានការចូលរួមពីគណៈកម្មាធិការអនុសាខា មន្ត្រីប្រតិបត្តិសាខា មន្ត្រីប្រចាំការអនុសាខា អ្នកស្ម័គ្រចិត្ត ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា សរុបប្រមាណ ១២០នាក់ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤នេះ។
មានប្រសាសន៍ក្នុងឱកាសនេះ លោកជំទាវ សុខ ណារ៉ូ ពៅហេង បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា និងសូមចូលរួមអបអរ និងស្ងើចសរសើរចំពោះបងប្អូនអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា តែងតែបានចូលរួមយ៉ាងសកម្មក្នុងសេវាកម្មមនុស្សធម៌ ដោយស្មារតីស្ម័គ្រចិត្តនិងទទួលខុសត្រូវ ក្នុងស្ថានភាពដែលបានជួបប្រទះផ្ទាល់ តាមរយៈការផ្តល់សេវាសង្គ្រោះបឋមដល់ជនរងគ្រោះ ការអប់រំសុខភាពអនាម័យ និងការងារដែលមានប្រយោជន៍ដល់សហគមន៍ និងសាលារៀនជាដើមផងដែរ។
លោកជំទាវបន្តថា ទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត គឺជាការលើកកម្ពស់ការចូលរួមដោយស្ម័គ្រចិត្តក្នុងការងារមនុស្សធម៌របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌។ សម្រាប់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នេះជាលើកទី៩ហើយ ដែលយើងប្រារព្ធពិធីនេះ គឺក្នុងគោលបំណងលើកទឹកចិត្ត ជំរុញការលើកកម្ពស់សកម្មភាពមនុស្សធម៌ ជូនចំពោះបងប្អូនអ្នកស្ម័គ្រចិត្ត និងក្មួយៗយុវជនកាកបាទក្រហមកម្ពុជាយើង ដែលខិតខំបំពេញការងាររយៈពេល១ឆ្នាំមកនេះ ដូចទិសស្លោកដែលលើកឡើងថា ”អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ជាឆ្អឹងខ្នងរបស់សមាគមជាតិ” និង ”យុវជនកាកបាទក្រហមកម្ពុជា ជាភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបទជាវិជ្ជមានក្នុងសង្គម”។ ហើយផ្តោត លើគុណតម្លៃនៃការងារស្ម័គ្រចិត្ត ដែលជាឆ្អឹងខ្នងរបស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងជាកម្លាំងប្រតិបត្តិករមនុស្សធម៌ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។ ជាក់ស្តែងកាកបាទក្រហមកម្ពុជា បានពង្រឹង និងពង្រីកកម្លាំងអ្នកស្ម័គ្រចិត្ត ដែលសុទ្ធតែជាកម្លាំងមិនអាចខ្វះបាន ក្នុងការផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់គ្រួសារងាយរងគ្រោះបំផុតបានទាន់ពេលវេលា និងគ្រប់ទីកន្លែង។
ឆ្លើយតបនឹងទិវានេះ តំណាអ្នកស្ម័គ្រចិត្ត១នាក់ និងយុវជនកាកបាទក្រហមកម្ពុជា ២នាក់ បានធ្វើការប្ដេជ្ញាចិត្តដូចតទៅ៖ ប្ដេជ្ញា ខិតខំបន្តចូលរួមក្នុងសកម្មមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ។
ប្តេជ្ញា ប្រតិបតិ្តតាមគោលការណ៏គ្រឹះទាំង៧ របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម។
ប្ដេជ្ញា បំពេញតួនាទី ភារកិច្ច អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ឱ្យបានល្អ ។
ប្តេជ្ញា ខិតខំរៀនសូត្របង្កើនសមត្ថភាពរបស់ខ្លួន ឱ្យកាន់ប្រសើរឡើង។ដើម្បីជាការលើកទឹកចិត្ត សាខាបានផ្ដល់ជូននវប័ណ្ណសរសើរ ដល់អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ចំនួន១០៥នាក់ ដែលចូលរួមក្នុងទិវានេះដែរ៕