ខេត្តស្ទឹងត្រែង៖ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ បានជំរុញប្រជាកសិករក្នុងតំបន់ ចូលរួមសហការបង្កើនការដាំដុះបន្លែសរីរាង្គ ដើម្បីឆ្លើយតបតាមការបញ្ជាទិញឱ្យបានច្រើនប្រភេទ ជៀសវាងកាត់បន្ថយការដាំដុះបន្លែប្រភេទដូចគ្នា នាំឱ្យកកស្ទះពេលនាំយកទៅកាន់ទីផ្សារ និងមានការទម្លាក់តម្លៃពីឈ្មួញកណ្តាល។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ បានថ្លែងឱ្យដឹងនៅថ្ងៃ៦ធ្នូនេះថា នៅពេលថ្មីៗមកនេះ លោកនិងមន្ត្រីជំនាញបានចុះទៅកោះខេ ស្ថិតក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ដើម្បីពិនិត្យគុណភាព និងផ្តល់គន្លឹះបែបផ្លាស់ប្ដូរវិធីដាំដុះបន្លែ ដែលត្រូវនាំចេញទៅកាន់ទីផ្សារ។ លោកថា នៅទីផ្សារស្ទឹងត្រែងបច្ចុប្បន្ន បន្លែមួយចំនួនកសិករនៅក្នុងខេត្ត ផលិតមិនទាន់បានគ្រប់គ្រាន់នៅឡើយទេ។ ហេតុដូច្នេះអាជីវករចាំបាច់ត្រូវទទួលយកបន្លែនាំចូលពីតាមបណ្តាខេត្តផ្សេងៗ និងប្រទេសជិតខាងក៏មាន។
លោក ទុំ នីរ៉ូ បានបន្តថា បច្ចុប្បន្នសង្កេតឃើញបងប្អូនកសិករ អនុវត្តបច្ចេកទេសដាំដុះតាមការណែនាំបានច្រើន តែមិនទាន់បានគិតពីការបញ្ជាទិញរបស់ឈ្មួញ ភាគច្រើនកសិករដាំបន្លែដូចៗគ្នា ពេលនាំចេញទៅកាន់ទីផ្សារត្រូវឈ្មួញបន្ទាបថ្លៃ ហើយកសិករទទួលបានប្រាក់ចំណូលតិច ជាទូទៅមន្ទីរកសិកម្មខេត្ត បានធ្វើការផ្សព្វផ្សាយ ក៏ដូចជាការបណ្ដុះបណ្ដាលធ្វើម៉េច ឱ្យកសិករផលិតដំណាំដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ និងដំណាំដែលមានទីផ្សារ ជាជាងការដាំដុះដំណាំយកទៅកាន់ទីផ្សារពុំសូវមានតម្រូវការ ដែលប្រឈមខាតបង់លើការចំណាយថវិកា និងពេលវេលា ។
លោក ទុំ នីរ៉ូ បានបញ្ជាក់ថា “យើងចង់ធ្វើម៉េចឱ្យប្រជាកសិករ គាត់ប្រើប្រាស់ឱ្យអស់ សក្តានុពល គឺធ្វើដើម្បីហូប និងដើម្បីលក់ ដើម្បីបង្កើតនូវសន្តិសុខស្បៀង និងសេដ្ឋកិច្ចក្នុងគ្រួសារថែមទៀត”។
កសិករដាំបន្លែនៅលើកោះខេ លោក ហ្វយ ប៊ុនវី បានលើកឡើងថា ចំណុចនេះ កសិករយើងបានព្យាយាមធ្វើការតាមដាន និងមានដៃគូប្រមូលទិញ តែនៅមិនទាន់ទៀងទាត់ទេ ។ លោកថា កត្តានេះបានធ្វើឱ្យកសិករមួយចំនួនបោះបង់ការដាំដុះបន្លែ ហើយងាកទៅស៊ីឈ្នួលលក់កម្លាំងពលកម្មនៅឆ្ងាយពីស្រុក។
កសិករដាំដំណាំបន្លែម្រះ លោកស្រី ញ៉ូ សុខន បានទទួលស្គាល់ថា បច្ចុប្បន្នពួកគាត់បានព្យាយាមដាំបន្លែណា ដែលមានទីផ្សាបញ្ជាទិញប៉ុណ្ណោះ តែបន្លែមួយចំនួនក៏ត្រូវកកស្ទះ ដោយសារអ្នកបញ្ជាទិញ យកទៅលក់បន្តឱ្យតម្លៃទាប ដូចជា ត្រសក់ សណ្តែកគួ ម្រះ និងស្ពៃជាដើម គឺមួយគីឡូក្រាម លក់បានត្រឹមតែ ៨០០ ទៅ ១០០០រៀលប៉ុណ្ណោះ បញ្ហានេះធ្វើឱ្យកសិករបាក់ទឹកចិត្ត និងខាតបង់កម្លាំងពលកម្ម ។
គួរបញ្ជាក់ថា នៅខេត្តស្ទឹងត្រែង បន្លែ ផ្លែឈើ ដែលកសិករដាំដុះបានភាគច្រើន គឺមានបន្លែជាច្រើនប្រភេទ ដូចជា ម្រះ សណ្តែកគួ ននោង ត្រឡាច ត្រប់ ត្រសក់ ប៉េងប៉ោះ ម្ទេសប្លោក ពោត ល្ហុង សាឡាត់ ស្ពៃ ខ្ទឹម ស្លឹកគ្រៃ ក្រកួន កញ្ឆែត និងខាត់ណាជាដើម។ ដោយឡែក មើមឆាយថាវ មើមការ៉ុត ខ្ទឹមបារាំង ស្ពៃក្តោប មើមត្រាវ ភាគច្រើននៅមានការនាំចូលពីប្រទេសជិតខាងនៅឡើយ៕ដោយ៖ឡុង សំបូរ