សេង ណារិទ្ធ
ខេត្តកំពត: បន្ទាប់ពីបានដឹកនាំប្រតិភូតំណាងប្រទេសមេគង្គ-ឡានឆាង (ចិន ថៃ និងឡាវ) រួមនឹងថ្នាក់ដឹកនាំក្រសួង មន្ទីរជំនាញពាក់ព័ន្ធ ចុះធ្វើទស្យននិច្ចសិក្សាគម្រោងសាកល្បងចំនួន២ ដែលផ្តល់តាមរយៈមូលនិធិពិសេសនៃសហប្រតិបត្តិការមេគង្គ-ឡានឆាង របស់រដ្ឋាភិបាលចិន លោកជំទាវរដ្ឋលេខាធិការក្រសួងកិច្ចការនារី បានវាយតម្លៃថា គម្រោងសាកល្បងមេគង្គ-ឡានឆាង ពិតជាជួយលើកកម្ពស់ការបន្សាំនឹងការប្រែប្រួលអាកាសធាតុសម្រាប់ស្ត្រីក្រីក្រនៅជនបទបានច្រើន។
ថ្លែក្នុងពិធីបិទដំណើរទស្សនកិច្ចសិក្សា គម្រោងពង្រឹងភាពធន់របស់សហគមន៍ តាមរយៈការបញ្ជ្រាបយេនឌ័រ ក្នុងសកម្មភាពអាកាសធាតុនិងទឹកស្អាត និងអនាម័យសម្រាប់ស្ត្រីក្រីក្រនៅជនបទខេត្តកំពត នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារ Rainforest Hotel លោកជំទាវ ស៊ីវណ្ណ បុទុម រដ្ឋលេខាធិការ ក្រសួងកិច្ចការនារីបានបញ្ជាក់ថា ក្រសួងកិច្ចការនារី តាមរយៈមូលនិធិពិសេសនៃសហប្រតិបត្តិការមេគង្គ-ឡានឆាង (LMC) របស់រដ្ឋាភិបាលចិន បានអនុវត្តគម្រោងស្តីពី “ការបញ្ជ្រាបយេនឌ័រក្នុងសកម្មភាពអាកាសធាតុ៖ ការពង្រឹងសមត្ថភាពបន្សុំា និងភាពធន់របស់ស្រ្តីក្រីក្រនៅតាមជនបទ តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ និងការទទួលបានទឹកស្អាតប្រើប្រាស់” ដែលបានដាក់ឱ្យដំណើរការជាផ្លូវការក្នុងការអនុវត្តកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។ ក្រោមក្របខណ្ឌនៃគម្រោងនេះផងដែរ គម្រោងសាកល្បងចំនួន២ ត្រូវបានអនុវត្តនៅក្នុងប្រទេសកម្ពុជា គឺនៅក្នុងខេត្តកំពត និងស្ទឹងត្រែង ។ ហើយតាមរយៈរបាយការណ៍វឌ្ឍនភាព និងការចុះធ្វើទស្សនកិច្ចសិក្សា គម្រោងសាកល្បងទាំង២ ពិតជាបានរួមចំណែក ក្នុងការបញ្ជា្របយេនឌ័រក្នុងសកម្មភាពអាកាសធាតុ តាមរយៈការផ្តល់នូវដំណោះស្រាយទឹកស្អាត និងអនាម័យ ព្រមទាំង ការបង្កើនភាពភាពធន់របស់ស្ត្រីក្រីក្រនៅតាមជនបទ ក៏ដូចជា បានរួមចំណែកដល់ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី តាមរយៈការកែច្នៃចំណីអាហារខ្នាតតូច និងការដាំសួនបន្លែខ្នាតតូច ក្នុងការបង្កើនប្រាក់ចំណូលក្នុងគ្រួសារផងដែរ។
លោកជំទាវបានបញ្ជាក់បន្ថែមថាកិច្ចសហប្រតិបត្តិការ មេគង្គ-ឡាងឆាន ដែលមានបន្តបន្ទាប់កន្លងមក ពិតជាមានសារៈសំខាន់ណាស់ ចំពោះប្រទេសជាសមាជិកមេគង្គ-ឡានឆាន ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀតលើការបញ្ជ្រាបយេនឌ័រក្នុងសកម្មភាពអាកាសធាតុ ការពង្រឹងសមត្ថភាពបន្សុំា និងភាពធន់របស់ស្រ្តីក្រីក្រនៅតាមជនបទ។ សម្មិទ្ធិផលទាំងអស់ ដែលកើតចេញពីការអនុវត្តគម្រោងសាកល្បងនេះ និងផ្តល់នូវមេរៀន និងបទពិសោធន៍ ដ៏មានតម្លៃមួយសម្រាប់ ការបញ្ជ្រាបយេនឌ័រក្នុងសកម្មភាពអាកាសធាតុ៖ ការពង្រឹងសមត្ថភាពបន្សុំា និងភាពធន់របស់ស្រ្តីក្រីក្រនៅតាមជនបទ តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ និងការទទួលបានទឹកស្អាតប្រើប្រាស់ និងសម្រាប់ការរៀបចំគម្រោងស្រដៀងគ្នា នាពេលអនាគត។
ឆ្លៀតឱកាសនោះ លោកជំទាវបានសម្តែងការកោតសសើរដោយស្មោះ និងវាយតំលៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយការបេ្តជ្ញាចិត្ត របស់លោកស្រីប្រធានមន្ទីរ និងក្រុមការងារអនុវត្តគម្រោងសាកល្បងទាំង២ខេត្ត ដែលបានលះបង់ទាំងកំលាំងកាយចិត្ត ធ្វើយ៉ាងណាឱ្យគម្រោងសម្រេចបានជោគជ័យឆ្លើយតបទៅតាមគោលបំណងរបស់គម្រោង និងបានថ្លែងអំណរគុណចំពោះប្រតិភូមេង្គ- ឡានឆាង ដែលបានធ្វើទស្សនកិច្ចសិក្សាប្រកបដោយប្រកបដោយភាពសប្បាយរីករាយ និងទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈ ហើយកម្ពុជាសង្ឃឹមយ៉ាងមុតមាំថាមេង្គ- ឡានឆាង នឹងនៅតែបន្តជួយដល់ស្ត្រីក្រក្រីរស់នៅទីជនបទ ក៏ដូចជាសង្ឃឹមនឹងបានជួប និងធ្វើការរួមគ្នាម្តងទៀតក្នុងពេលឆាប់ៗខាងមុខ ៕