ដោយ យីម ប៊ុន ហ័រ
កំពង់ធំ៖ សាលសាលាខេត្តកំពង់ធំមានការរៀបចំ ពិធីអបអរសាទរទិវាពិភពលោកប្រយុទ្ធនិងជំងឺអេដស៍ ១ ធ្នូ ក្រោមប្រធានបទ”សិទ្ធិជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍” ដែលដឹកនាំ និងរៀបចំឡេីងដោយមន្ទីរសុខាភិបាលខេត្តកំពង់ធំនាព្រឹកថ្ងៃទី១០ ខែធ្នូឆ្នាំ២០២៤។
ពិធីនេះមានការអញ្ជេីញចូលរួមក្រោមអធិបតីភាព លោក អ៊ុង វុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំង អស់លោក លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងលោក អ្នកនាង កញ្ញា ជាប្រធាន អនុប្រធាន សមាជិក និងតំណាង គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ស្ថាប័ន អ្នករស់នៅជាមួយមេរោគអេដស៍ ក្រុមប្រជាជនគន្លឹះកងកម្លាំងប្រដាប់អាវុធ យុវជនកាកបាទក្រហមកម្ពុជា ព្រមទាំងសិស្សានុសិស្ស មានចំនួនសរុបប្រមាណ៣០០នាក់។
ក្នុងឱកាសនោះដែរ លោក អ៊ុង វុទ្ធី មានប្រសាសន៍ថាដើម្បីសម្រេចបាននូវការបញ្ចប់អេដស៍ ដែលកំពុងបន្តការគំរាមកំហែងដល់សុខភាពសាធារណៈ ខ្ញុំសូមលើកឡើងនូវចំណុចសំខាន់មួយចំនួនដូចខាងក្រោម៖
ទី១- អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ត្រូវបន្តដឹកនាំសម្របសម្រួល និងអនុវត្តគោលនយោបាយជាតិ បញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល ក្នុងស្មារតី បុរេសកម្ម និងទទួលខុសត្រូវខ្ពស់។
ទី២- គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងគណៈកម្មាធិការ ប្រយុទ្ធនឹងជំងឺអេដស៍ឃុំ សង្កាត់ ត្រូវចូលរួមគាំទ្រ និងអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និង ចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល ឱ្យបានសកម្មជាទីបំផុត។
ទី៣- ក្រសួងសុខាភិបាលត្រូវពង្រីក ពង្រឹង និងពន្លឿនកម្មវិធីបង្ការ ក្នុងនោះរួមមានការជំរុញការប្រើប្រាស់ ស្រោមអនាម័យ កម្មវិធីប្រើឱសថបង្ការមុនការប្រឈម (PrEP) និងកម្មវិធីប្រើឱសថបង្ការក្រោយ ការប្រឈម (PEP) ជាដើម។
ទី៤- ក្រសួងសុខាភិបាលត្រូវខិតខំបញ្ចូលសេវាថែទាំព្យាបាលអ្នកផ្ទុកមេរោគអេដស៍ក្នុងប្រព័ន្ធសុខាភិបាល ដោយបង្កើនទីតាំងធ្វើតេស្ត យ៉ាងឆាប់រហ័ស។ និងទីតាំងផ្តល់សេវាថែទាំព្យាបាលជំងឺអេដស៍ឱ្យបានទូលំទូលាយ និងទី៥- ក្រសួងសុខាភិបាលត្រូវពង្រីក ពង្រឹង និងពន្លឿនកម្មវិធីថែទាំ និងព្យាបាលឱ្យសម្រេចបាននូវស្ថានភាពរក មេរោគមិនឃើញ (Undetectable) ចំពោះអ្នកផ្ទុកមេរោគអេដស៍ ដើម្បីកាត់បន្ថយការចម្លងមេរោគអេដស៍។
ទី៦- ក្រសួងសុខាភិបាលត្រូវសិក្សា និងចាត់វិធានការ ដើម្បីកាត់បន្ថយអត្រាចម្លងមេរោគអេដស៍ពីម្តាយទៅកូន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
គួរបញ្ជាក់ផងដែរថា ទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ បានរៀបចំដំបូងនៅឆ្នាំ១៩៨៨ ក្នុងគោលបំណងដើម្បីបង្ហាញពីការគាំទ្រ និងយកចិត្តទុកដាក់ ដល់អ្នកផ្ទុកមេរោគអេដស៍ និងរំលឹកការចងចាំដល់មនុស្សទាំងឡាយដែលបានស្លាប់ដោយសារជំងឺអេដស៍ ។ ពិធីនេះ ក៏រំលឹកដល់ប្រជាជនទូទាំងសកលលោក និងរដ្ឋាភិបាលតាមបណ្តាប្រទេសទាំងអស់ថា មេរោគអេដស៍ នៅមិនទាន់ទៅណាឆ្ងាយនៅឡើយទេ ៕