ស្នងការនគរបាលខេត្តតាកែវដាក់ពង្រាយកម្លាំងត្រៀមការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនថ្នាក់ដឹកនាំ នាឱកាសពិធីបុណ្យសមុទ្រនៅខេត្ដកំពតខាងមុខនេះ

0

តាកែវ៖ នៅរសៀលថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ដតាកែវ បានប្រជុំរៀបចំផែនការ ការពារសន្តិសុខសណ្ដាប់ធ្នាប់សារធារណៈ នៅតាមដងផ្លូវ នាឱកាសពិធីបុណ្យសមុទ្រនៅខេត្ដកំពតខាងមុខនេះ តម្រូវអោយមន្រ្តីនគរបាលចំនួន ៦ស្រុកត្រូវត្រៀមលក្ខណៈសម្បត្ដិសម្ភារៈអោយបានគ្រប់គ្រាន់ រួមមានស្រុកបាទី ស្រុកសំរោង ស្រុកត្រាំកក់ ស្រុកទ្រាំង ស្រុកគីរីវង់ និងក្រុងដូនកែវ ដាក់ពង្រាយកំលាំងអន្តរាគមន៍ និងនគរបាលចរាចរណ៍គ្រប់គោលដៅ ដើម្បីឈរជើងចាំការពារ សម្រួលចរាចរណ៍ បញ្ចៀសការក៏ស្ទះនៅតាមដងផ្លូវ ងាយស្រួលដល់ការធ្វើដំណើររបស់ថ្នាក់នាំ និងបងប្អូនប្រជាពលរដ្ឋទៅលេងកំសាន្តផងដែរ ។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានមានប្រសាសន៍ថាកងកម្លាំងនគរបាលដែលចុះរៀបចំសណ្តាប់ធ្នាប់នៅគ្រប់គោលដៅឈរជើងប្រចាំការទាំងអស់ត្រូវតែ ពង្រឹងលើការងារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈតាមដងផ្លូវ ដោយពង្រាយកម្លាំងនគរបាលចរាចរណ៍ កងកម្លាំងអន្តរាគមន៍ ដើម្បីជួយសម្រួលចរាចរណ៍ និងបញ្ជៀសចរាចរណ៍កុំឲ្យមានកក់ស្ទះលើដងផ្លូវ ត្រៀមកម្លាំងនគរបាលខេត្ត ស្រុក ក្រុង ចេញល្បាតចល័ត និងត្រួតពិនិត្យតាមគោលដៅ ត្រៀមសម្ភារៈឲ្យបានគ្រប់គ្រាន់សម្រាប់បំរើឲ្យការងារចរាចរណ៍មានដូចជា សាជី អាវចំណាំង ពិលបញ្ជាចរាចរណ៍ រនាំងជាដើម ត្រូវប្រមូលផ្តុំកម្លាំង និងយកចិត្តទុកដាក់ខ្ពស់តាមគោលដៅដែលខ្លួនទទួលខុសត្រូវផងដែរ៕