មន្ត្រីបរិស្ថានខេត្តឧត្តរមានជ័យ អំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យបញ្ឈប់រាល់ការលបលួចដាក់អន្ទាក់ចាប់សត្វព្រៃ នៅក្នុងសហគមន៍ព្រៃសង្ឃរុក្ខាវន្ត ដែលជាទង្វើល្មើសច្បាប់

0

ខេត្តឧត្តរមានជ័យ៖ ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ លោក ភួង លីណា បានអំពាវនាវតាមប្រព័ន្ធសង្គម និងវិឡុ ស្នើរដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលកំពុងរស់នៅក្បែរតំបន់ព្រៃសហគមន៍ ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវន្ត ត្រូវបញ្ឈប់ជាបន្ទាន់ នូវរាល់សកម្មភាពបទល្មើសនានាទាំងឡាយណា ក្នុងការលបលួចដាក់អន្ទាក់សត្វព្រៃគ្រប់ប្រភេទ ក្នុងតំបន់សហគមន៍ដែនជម្រកសត្វព្រៃសង្ឃរុក្ខវន្ត នៃខេត្តឧត្តរមានជ័យ ។

លោក ភួង លីណា បានបន្តថា ការដែលបងប្អូនលបលួចធ្វើសកម្មភាពដាក់អន្ទាក់ ដើម្បីចាប់យកសត្វព្រៃគ្រប់ប្រភេទរស់នៅក្នុងតំបន់នេះ គឺជាទង្វើខុសច្បាប់ ហើយក៏ជាទង្វើមួយធ្វើឱ្យសង្គមមានការស្អប់ខ្ពើម។ ដូច្នេះគម្បីត្រូវតែបញ្ឈប់រាល់សកម្មភាពទាំងឡាយ ដូចជាការដាក់អន្ទាក់ ការលបលួចបរបាញ់សត្វព្រៃ ហើយងាកមកជួយអភិរក្ស ថែរក្សាសត្វព្រៃគ្រប់ប្រភេទ ដែលកំពុងរស់នៅក្នុងតំបន់សហគមន៍ដែនជម្រកសត្វព្រៃសង្ឃរុក្ខវន្ត ឱ្យបានគង់វង្ស និងប្រកបសុវត្ថិភាព ។

លោកប្រធានមន្ទីរបានបន្តថា សត្វព្រៃគ្រប់ប្រភេទ ក៏ត្រូវការរស់រានមានជីវិតដូចយើងដែរ ដូច្នេះ បងប្អូនប្រជាពលរដ្ឋមិនត្រូវលបលួចបរបាញ់ ឬដាក់អន្ទាក់បន្តទៀតនោះទេ ។ ប្រសិនបើមានករណីបែបនេះកើតឡើងនោះ បងប្អូននឹងត្រូវទទួលទោសទៅតាមផ្លូវច្បាប់ ដោយមិនមានការលើកលែងនោះឡើយ ចំពោះបុគ្គលណាដែលនៅតែលបលួចដាក់អន្ទាក់ចាប់ ឬ បរបាញ់សត្វព្រៃនោះទៀត ។

លោក ភួង លីណា​ បានបញ្ជាក់ថា ព្រៃឈើក្នុងសហគមន៍ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវន្ត មានទំហំជាង ៣ម៉ឺនហិកតា ហ៊ុំព័ទ្ធជាប់ក្រុង១ ស្រុក២ និងមានសត្វព្រៃគ្រប់ប្រភេទ បានជ្រកកោនរស់នៅក្នុងតំបន់នេះ ប្រសិនបើយើងរួមគ្នាអភិរក្សថែរក្សាឲ្យបានគង់វង្ស នោះវាអាចផ្តល់ប្រយោជន៍ច្រើន លើការទាក់ទាញវិស័យទេសចរទៅថ្ងៃអនាគត និងធ្វើឱ្យពលរដ្ឋរស់នៅក្បែរតំបន់នោះ អាចមានមុខរបរកាន់តែប្រសើរឡើង៕ដោយ៖ឡុង សំបូរ