ដោយ៖ឡុង សំបូរ
ខេត្តក្រចេះ៖ បុរសជនសង្ស័យជាឃាតករ បានយកកាំបិតចុងស្រួច ចាប់ប្រពន្ធអារ ក សម្លាប់ចោល រួចរត់ទៅចងករសម្លាប់ខ្លួនឯងជាក្រោយ ដោយបានបន្សល់ទុកនូវកូនស្រី-ប្រុសតូចៗពីរនាក់ ឱ្យរស់រងនូវភាពកំព្រា ករណីនេះសង្ស័យផ្តើមចេញពីភ្លើងប្រច័ណ្ឌ ក្នុងហេតុការណ៍ដែលបានកើតឡើង នាម៉ោងប្រមាណ ១១ព្រឹក ថ្ងៃទី៩មករា២០២៥ នៅចំណុចអន្លង់ក្រវែន ស្ថិតក្នុងភូមិច្រកដំបង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។
ក្រោយទទួលបានដំណឹងនោះភ្លាម ក្រោមបញ្ជាពីស្នងការនគរបាលខេត្តក្រចេះ កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត បានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកឆ្លូង និងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ដំរី ចុះពិនិត្យស្រាវជ្រាវដល់កន្លែងកើតហេតុ និងបានរកឃើញពីការស្លាប់របស់ជនរងគ្រោះ ក្នុងអំពើឃាតកម្មដ៏សាហារវ និងក្រោយការអារ ក សម្លាប់ប្រពន្ធ ជនសង្ស័យជាប្តីបានជិះម៉ូតូគេចខ្លួន រួចទៅចង ក សម្លាប់ខ្លួននៅក្នុងចំការស្វាយចន្ទី។
នគរបាលជំនាញមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះក្នុងអំពើឃាតកម្ម ឈ្មោះ ទេស ម៉ានីន ភេទស្រី អាយុ ៣១ ឆ្នាំ មុខរបរ ចុងភៅ ។ ចំណែកជនសង្ស័យដៃដល់ ឈ្មោះ ខ្នា និត ភេទប្រុស អាយុ៣១ ឆ្នាំ មុខរបរធ្វើចំការ ជនរងគ្រោះជាប្រពន្ធ និងជនសង្ស័យឃាតករជាប្តី មានទីលំនៅ ចំណុចអន្លង់ក្រវែន ភូមិច្រកដំបង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ។
ម្តាយជនរងគ្រោះ ឈ្មោះ ប៉ុល ណាង ស្ថិតក្នុងវ័យ ៧២ឆ្នាំ បានឲ្យដឹងថា កូនស្រីគាត់(ជនរងគ្រោះ) បានទៅធ្វើការជាចុងភៅ នៅក្រុងបាវិត ខេត្តស្វាយរៀង រយៈពេល ២ឆ្នាំមកហើយ លុះថ្ងៃទី៤មករា២០២៥ ជនសង្ស័យដៃដល់ (កូនប្រសារ) បានចេញទៅធ្វើសំណង់ នៅឃុំត្រពាំងថ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ហើយនៅថ្ងៃទី៨មករា២០២៥ កូនស្រីគាត់បានមកលេងផ្ទះ លុះដល់ថ្ងៃទី៩មករា២០២៥ វេលាម៉ោង ១០ និង ៣០នាទី គាត់បានទៅជញ្ជាត់ត្រី ចម្ងាយប្រហែល ៣០ម៉ែត្រពីផ្ទះ។
ស្ត្រីជាម្ដាយបានរៀបរាប់ឲ្យដឹងទៀតថា លុះដល់ម៉ោង ១១ព្រឹក គាត់បានឮសំលេងចៅៗស្រែកទ្រហោយំ គាត់ក៏បានរត់មកមើល ក៏ស្រាប់តែឃើញចៅៗស្រែកយំនៅមុខបន្ទប់ក្រោមផ្ទះ គាត់ក៏បានបើកបន្ទប់មើល ឃើញកូនស្រីបានដេកស្លាប់បាត់ទៅហើយ រួចខ្លួន និងកូនប្រុស ឈ្មោះ ទៀង សារ៉េត បានមកជួយលើកសាកសពកូនស្រី ដាក់លើគ្រែមុខផ្ទះ ហើយពេលនោះគាត់បានឃើញកូនប្រសារ ដែលជាជនសង្ស័យ មិនដឹងមកផ្ទះតាំងពីពេលណាទេ ជិះម៉ូតូចេញពីផ្ទះ ពាក់អាវពណ៌ផ្ទៃមេឃដៃខ្លី ប្រលាក់ដោយឈាម។
សមត្ថកិច្ចបានឱ្យដឹងថា ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានជិះម៉ូតូចេញពីផ្ទះកើតហេតុ បានប្រហែល ៤០០ម៉ែត្រ រួចបានដោះអាវចេញ ហើយបានជិះម៉ូតូចូលទៅក្នុងចម្ការស្វាយចន្ទីរបស់ខ្លួន ដែលមានចម្ងាយប្រហែល ៥គីឡូម៉ែត្រ ហើយធ្វើអត្ដឃាតចងក សម្លាប់ខ្លួននៅក្នុងពេលនោះទៅ។
ជុំវិញការស្លាប់របស់ជនរងគ្រោះ និងជនសង្ស័យ កម្លាំងសមត្ថកិច្ចជំនាញ បានចុះពិនិត្យស្រាវជ្រាវដល់កន្លែងកើតហេតុ ដោយបានសន្ឋិដ្ឋានថា ករណីឃាតកម្ម និងការធ្វើអត្ដឃាតចង ក សម្លាប់ខ្លួនខាងលើ បានផ្តើមចេញពីការប្រច័ណ្ឌ។ បច្ចុប្បន្ន សាកសពទាំងពីរ ត្រូវបានសមត្ថកិច្ចជំនាញ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕