ដោយ៖ឡុង សំបូរ
ខេត្តក្រចេះ៖ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ ឯកឧត្តម នេត្រ ភក្ត្រា រួមជាមួយ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ នារសៀលថ្ងៃទី៨មករា២០២៥ កន្លងទៅថ្មីៗនេះ បានអញ្ជើញចុះពិនិត្យដំណាំស្រូវរបស់ប្រជាកសិករ នៅក្នុងឃុំបុសលាវ ស្រុកចិត្របុរី ដែលបាន និងកំពុងមមាញឹកក្នុងការប្រមូលផល ក្រោយទទួលបានពូជស្រូវ ដែលផ្តល់ជូនដោយរាជរដ្ឋាភិបាល តាមរយៈក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ និងអាជ្ញាធរខេត្តក្រចេះ ដើម្បីធ្វើការដាំដុះ និងស្តារជីវភាពគ្រួសារឡើងវិញ បន្ទាប់ពីរងគ្រោះដោយទឹកជំនន់ នៅក្នុងរដូវវស្សាកន្លងមកនេះ។
ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា ទាំងនេះគឺជាការយកចិត្តទុកដាក់ ពីប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះប្រជាជនគ្រប់ៗរូប និងគ្រប់កាលៈទេសៈ ជាពិសេសនៅពេលដែលប្រជាពលរដ្ឋជួបការលំបាក ដូចជាគ្រោះទឹកជំនន់នាពេលថ្មីៗនេះ ដើម្បីជួយស្តារនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យមានភាពល្អប្រសើរឡើងវិញ។
ប្រជាកសិករដែលទទួលបានគ្រាប់ពូជពី រាជរដ្ឋាភិបាល បានបញ្ជាក់ថា គ្រាប់ពូជស្រូវដែលទទួលបានកន្លងមកនេះ គឺបានដាំដុះលូតលាស់ល្អ និងមិនមានការបំផ្លាញពីសត្វល្អិតទេ ដែលបញ្ហានេះបានធ្វើឱ្យប្រជាកសិករមានសេចក្តីត្រេកអរ និងការជួយអន្តរាគមន៍ភ្លាមៗ ពីប្រមុខដឹកនាំរាជរដ្ឋាភិបាល ក្រោយពីទឹកជំនន់ ដូចជា ផ្តល់ពូជស្រូវ និងស្បៀងអាហារ ដើម្បីធ្វើការស្ដារការដាំដុះឡើងវិញបានទាន់ពេលវេលា និងអាចជួយកាត់បន្ថយការលំបាករបស់ពួកគាត់ បានមួយផ្នែកធំក្នុងគ្រាលំបាក ផងដែរ៕