ខេត្តកំពត: ដើម្បីទទួលបានបទពិសោធន៍លើការងារដឹកនាំ គ្រប់គ្រង និងធ្វើផែនការអាជីវកម្ម បច្ចេកទេស កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានដឹកនាំសមាជិកសហគមន៍កសិកម្ម២ ទៅធ្វើទស្សនកិច្ចសិក្សានៅសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ស្ថិតនៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ អ្នកជំនាញស្នើឲ្យពលរដ្ឋចូលរួមបង្កើតសហគមន៍កសិកម្មទំនើប ខណៈពលរដ្ឋថានឹងខិតខំប្រែក្លាយសហគមន៍របស់ខ្លួន ជាសហគមន៍កសិកម្មទំនើបដែរ។
អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពត លោក តេង វ៉ាន់ធឿន បានប្រាប់ឲ្យដឹងថា ដោយមានការណែនាំពីលោកប្រធានមន្ទីរ ក្នុងការឆ្លើយតបទៅនឹងចក្ខុវិស័យរបស់ក្រសួង ក៏ដូចជាកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល មន្ទីរបានដឹកនាំប្រជាសហគមន៍ចំនួន១៥រូប មកពីសហគមន៍កសិកម្មសាមគ្គីកូនសត្វ ស្រុកទឹកឈូ និងសហគមន៍កសិកម្មបន្លែសុវត្ថិភាពព្រៃឈើនៀង ស្រុកឈូក មកធ្វើទស្សនកិច្ចសិក្សា នៅសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ខេត្តតាកែវ។
នាយកប្រតិបត្តិសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ លោកទូច សុភាព បានឲ្យដឹងថា សហគមន៍ទើបបង្កើតបាន៦ខែ មានសមាជិកសរុប៣៣គ្រួសារ ហើយមានផ្ទះសំណាញ់សរុបចំនួន៧០ ដោយបែងចែក ២ផ្ទះសំណាញ់សម្រាប់ផ្សាំកូន ៨ផ្ទះសំណាញ់ដាំប៉េងប៉ោះឆើរី ហើយផ្សេងទៀតដាំបន្លែស្ពៃក្រញាញ់ ស្ពៃតឿ សាឡាតចម្រុះ និងដំណាំបន្ទាប់បន្សំផ្សេងៗទៀត។ លោកថាក្នុង១ខែសហគមន៍បានផលិតបន្លែរង្វង់៥០តោន ដើម្បីផ្គល់ផ្គងឲ្យក្រុមហ៊ុនឯកជនចំនួន៤ ហើយក្នុង១រោងផ្ទះសំណាញ់ ចំណេញបាន១០០ដុល្លា ជាធម្យមក្នុងពេលប្រមូលផលម្តង។
ប្រជាសហគមន៍បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រសួង ពិសេសមន្ទីរកសិកម្មដែលតែងតែបានយកចិត្តទុកដាក់ និងបានដឹកនាំពួកគាត់ ឲ្យមកសិក្សាស្វែងយល់ពីសហគមន៍កសិកម្មទំនើបនាពេលនេះ។
គួររំលឹកថា ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ក៏បានដាក់ចេញនូវចក្ខុវិស័យធ្វើយ៉ាងណាធានាសន្តិសុខស្បៀងប្រកបដោយនិរន្តរភាព សេដ្ឋកិច្ច និងបរិស្ថាន ហើយធ្វើឲ្យវិស័យកសិកម្ម នៅតែរួមចំណែកសំខាន់នៅក្នុងកំណើនសេដ្ឋកិច្ចជាតិ៕ សេង ណារិទ្ធ