បន្ទាយមានជ័យ: កាលពីព្រឹក ថ្ងៃទី០៩ វិច្ឆិកា ២០១៤ ឯកឧត្ដម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត បន្ទាយមានជ័យ ឯកឧត្ដម គោ ស៊ុំសារឿត អភិបាលខេត្ត បានដឹកនាំមន្ត្រីក្រោមឱវាទ មានទាំងអភិបាលក្រុងស្រុក មន្ទីរ អង្គភាព បានគោរពវិញ្ញាណក្ខន្ធ អុជទានធូប នៅបូជនីយដ្ឋានព្រះបាទជ័យវរ្ម័នទី៧ក្នុងវេទិការខេត្ត និងថ្វាយកម្រងផ្កាគោរពព្រះបរមរូបព្រះករុណា ព្រះបរមរតនកោដ្ឋ ក្នុងឱកាសខួបទី៦១ នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងទិវាកំណើតកងយោធិពលខេនរភូមិន្ទ។
ក្រោមព្រះរាជបូជនីយកិច្ច ដ៏ថ្លៃថ្លាឧត្ដុង្គឧត្ដម នៃព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ក្នុងការទាមទារឯករាជ្យ ពីពួកអាណានិគមនិយមបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ។ ការប្រាព្ធពិធីនេះធ្វើឡើងជារៀងរាល់ឆ្នាំ គឺក្នុងគោលបំណង គោរពដឹងគុណដ៏ជ្រាលជ្រៅ ចំពោះវីរៈកងកម្លាំងប្រដាប់អាវុធ យុទ្ធជន យុទ្ធនារី នៃកងយោធពលខេមរភូមិន្ទយើង ដែលបានប្រយុទ្ធ ធ្វើពលិកម្មប្រកបដោយវីរភាពដ៏ឧត្តុង្គឧត្តមបំផុត ដើម្បីបុព្វហេតុការពារជាតិមាតុភូមិនិងដើម្បីរំលឹកនៃការទាមទារឯករាជ្យជាតិពីពួកអាណានិគមនិយមបារាំងនាខែវិច្ឆិកា ឆ្នាំ១៩៥៣។
តមក ឯកឧត្ដម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត បន្ទាយមានជ័យ បានដឹកនាំប្រតិភូចុះចែកអំណោយ ជូនអ្នកជម្ងឺ ៥៦នាក់ នៅមន្ទីរពេទ្យបង្អែកសិរីសោភ័ណដែលក្នុងអ្នកជម្ងឺម្នាក់ៗទទួលបាន ឃីត១កញ្ចប់និង ថវិការ ១មឺនរៀល៕
ដោយ: ឃិន គន្ធា





































