ដោយ : ឡុង សំបូរ
ខេត្តព្រះវិហារ : អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ ប្រទានភ្លើងបូជាសពអនុសេនីយ៍ឯក សួន រ៉ោន ដែលបានពលីជីវិតក្នុងពេលបំពេញបេសកកម្មការពារបូរណភាពទឹកដីកម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភា
ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ក្នុងការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធ ជាមួយទាហានថៃ នៅតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
នៅក្នុងពិធីរំលាយសពអនុសេនីយ៍ឯក សួន រ៉ោន បានធ្វើឡើងនាល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ដោយមានរៀបចំយ៉ាងហ្មត់ចត់ ពីមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ដួង ច័ន្ទ និងក្រុមគ្រួសារសព ដោយមានការចូលរួមពី នាយទាហាន នាយទានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៩ យ៉ាងសស្រាក់សស្រាំ ផងដែរ ។
ការចូលរួមពីថ្នាក់ដឹកនាំខេត្តព្រះវិហារ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នាពេលនោះ បានបង្ហាញឲ្យឃើញពីសក្ខីភាព និងការយកចិត្តទុកដាក់ខ្ពស់ ចំពោះវីរភាពដ៏អង់អាចក្លាហាន និងការលះបង់ដ៏ឧត្ដុង្គឧត្ដមរបស់យោធិនដែលបានបាត់បង់ជីវិត ដើម្បីជាតិមាតុភូមិកម្ពុជានៃយើង។
ការចូលរួមយ៉ាងសស្រាក់សស្រាំបែបនេះ ក៏ជាការបង្ហាញឲ្យឃើញ ពីការគោរពដឹងគុណ ចំពោះវីរភាពដ៏អង់អាចក្លាហាន និងការលះបង់ដ៏ថ្លៃថ្លារបស់អនុសេនីយ៍ឯក សួន រ៉ោន ក្នុងបុព្វហេតុការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ។
ការបាត់បង់ជីវិតនៅលើដែនដីសុវណ្ណភូមិ របស់លោកអនុសេនីយ៍ឯក សួន រ៉ោន ត្រូវបានចាត់ទុកថា ជាការបាត់បង់វីរៈយុទ្ធជនកម្ពុជាដ៏ឆ្នើមមួយរូប ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។
សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយដឹកនាំវិញ្ញាណក្ខន្ធ អនុសេនីយ៍ឯក សួន រ៉ោន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕






































