(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានដំណើរការបិទវគ្គហ្វឹកហ្វឺនបំប៉នលំហាត់របៀបរយៈពេលខ្លី និងពង្រឹងការអនុវត្តសេចក្តីណែនាំលេខ០០៣/២០២០ របស់ក្រសួងការពារជាតិស្ដីពីវិធានការពង្រឹងអនុវត្តលក្ខន្តិកៈទូទៅចំពោះយោធិននៃខ.ភ.ម បទវិន័យទូទៅសម្រាប់ខ.ភ.ម និងលំហាត់របៀបនៃកងយោធពលខេមរភូមិន្ទ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
បន្ទាប់ពីមេបញ្ជាការ និងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានត្រួតពិនិត្យការហ្វឹកហាត់នៅលើទីលានជាក់ស្ដែងស្ដីអំពីមេរៀនលំហាត់របៀបរបស់កងយោធពលខេមរភូមិន្ទ ដែលបានហ្វឹកហ្វឺនអស់រយៈពេល៧ថ្ងៃកន្លងទៅរួចមក លោកអនុសេនីយ៍ឯក ឈា ពិសិដ្ឋ នាយការិយាល័យហ្វឹកហ្វឺន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងធ្វើរបាយការណ៍ស្តីអំពីលទ្ធផលការងារហ្វឹកហ្វឺនលំហាត់របៀបរយៈពេលខ្លី ដោយបានវាយតម្លៃអំពីចំណុចខ្លាំង ចំណុចខ្សោយ និងលទ្ធផលនៃការនៃការហ្វឹកហ្វឺន ដោយទទួលបានលទ្ធផលល្អប្រសើរ ដោយសិក្ខាកាមមានការយល់ដឹង និងអនុវត្តជាក់ស្ដែងបានល្អ តាមខ្លឹមសារនៃមេរៀននីមួយៗ ដែលគ្រូយោធាចារ្យបានបង្រៀន។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះគ្រូយោធាចារ្យ នាយទាហាន នាយទាហានរង និងពលទាហាន ជាសិក្ខាកាមទាំងអស់ ដែលបានប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ក្នុងការហ្វឹកហ្វឺន រៀនសូត្រ ក្នុងរយៈពេល ៧ថ្ងៃ កន្លងទៅនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមផែនការដែលមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដាក់ចេញ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់សិក្ខាកាមទាំងអស់ ក្រោយពេលវិលត្រឡប់ទៅកាន់អង្គភាពវិញ ត្រូវយកចិត្តទុកដាក់ក្នុងការហ្វឹកហ្វឺនបំប៉នរំលឹកមេរៀនលំហាត់របៀបនេះ ឲ្យបានក្នុងមួយសប្តាហ៍មួយដងជាប្រចាំ ដើម្បីឲ្យយើងទាំងអស់គ្នានៅតែចងចាំមេរៀនដែលយើងបានសិក្សារៀនសូត្រកន្លងទៅ ជាមួយនោះដែរមេបញ្ជាការគ្រប់បណ្ដាកងឯកភាព នាយការិយាល័យនិងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តអប់រំរៀនសូត្រ និងពង្រឹងយោធិនក្រោមឱវាទឱ្យបានជាប់ជាប្រចាំ តាមខ្លឹមសារ នៃសេចក្តីណែនាំលេខ ០០៣/២០២០ របស់ក្រសួងការពារជាតិស្ដីពីវិធានការពង្រឹងអនុវត្តលក្ខន្តិកៈទូទៅចំពោះយោធិននៃខ.ភ.ម បទវិន័យទូទៅសម្រាប់ខ.ភ.ម និងលំហាត់របៀបនៃកងយោធពលខេមរភូមិន្ទ ដើម្បីឲ្យយោធិនយើងមានកាយសម្បទាគ្រប់គ្រាន់ និងមានសមត្ថភាពប្រកបដោយសេចក្តីថ្លៃថ្នូរសមស្របជាកងយោពលខេមរភូមិន្ទ ក្នុងកំណែទម្រង់ថ្មី ក្រោមការដឹកនាំរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងភាពមុឺងម៉ាត់ឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។