រដ្ឋបាលស្រុកស្ទោង អញ្ជើញចូលរួមសូត្រមន្តវេនបិណ្ឌទី៤ នៅវត្តឃ្លាំងខ្មូត ក្នុងឃុំប្រឡាយ

0

(កំពង់ធំ)÷ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានដឹកនាំសហការី និងកងកម្លាំងទាំងបី ព្រមទាំងអាជ្ញាធរមូលដ្ឋានអញ្ជើញចូលរួមសូត្រមន្តវេនបិណ្ឌទី៤ ជាមួយញាតិញោមពុទ្ធបរិស័ទចំណុះជើងវត្តឃ្លាំងខ្មូត ស្ថិតនៅក្នុងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២៥។

លោកបានឱ្យដឹងថា ការចូលរួមសូត្រមន្ត កាន់បិណ្ឌ វេនបិណ្ឌឆ្នាំនេះក៏ដូចជាឆ្នាំមុនៗកន្លងមកគឺជាការចូលរួមថែរក្សានូវទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនាក៏ដូចជាការផ្សាភ្ជាប់រវាងពុទ្ធចក្រ និងអាណាចក្រ រវាងរដ្ឋបាលស្រុកស្ទោង ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសអ្នកឃុំប្រឡាយ តែងតែមានទំនាក់ទំនងក៏ដូចជាសហការល្អរវាងគ្នា និងគ្នា រវាងរដ្ឋបាលស្រុកស្ទោង ជាមួយព្រះមន្ត្រីសង្ឃ ជាមួយសាលាអនុគណស្រុកស្ទោង និងព្រះគ្រូចៅអធិការ ព្រះបរិត្តកោសល ណិប អ៊ាន ព្រះអនុគណស្រុកស្ទោងផងដែរ។

លើសពីនេះក៏ជាការសន្សំនូវបុញ្ញនិធិសម្រាប់ជាតិនេះ និងអនាគតជាតិព្រមទាំងបួងសួងឧទ្ទិសកុសលដល់ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ បុព្វការីជន ជាពិសេសវីរៈយុទ្ធជនកងទ័ពជួរមុខដែលបានពលីជីវិតថ្មីៗក្នុងបុព្វហេតុជាតិមាតុភូមិ សាសនា ព្រមទាំងព្រះមហាក្សត្រ ពីការឈ្លានពានយ៉ាងកម្រោលរបស់ចោរសៀម មកលើបូរណភាពដែនដីសុវណ្ណភូមិនៃយើងដែលកំពុងរស់នៅយ៉ាងសុខសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅក្នុងអាណត្តិទី៧នេះ។

សូមបញ្ជាក់ថា នៅក្នុងពិធីសូត្រមន្តនេះដែរលោកអភិបាលស្រុកស្ទោង ក៏បានប្រគេននូវបច្ច័យមួយចំនួន ភេសជ្ជ: គ្រឿងឧបភោគបរិភោគ ទេយ្យទាន ដល់ព្រះសង្ឃ និងចែកទានដល់យាយតាដែលអញ្ជើញចូលរួមនៅក្នុងឱកាសនេះចំនួនជិត២០០នាក់ផងដែរ៕