ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលរបស់ប្រាសាទអង្គរវត្ត មានទំនាក់ទំនងជាមួយពិធីបោះបាយបិណ្ឌឱ្យប្រេតដែលជាប្រពៃណីខ្មែរ

0

សៀមរាប: ព្រឹត្តិការណ៍ដ៏អស្ចា្យ គឺថ្ងៃរះចំកំពូលកណ្ដាលរបស់ប្រាសាទអង្គរវត្ត ដែលអ្នកវិទ្យាសាស្ត្រហៅថាសមរាត្រី(EQuinox) នឹងកើតមាននៅថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២៥ខាងមុខនេះ។

ព្រឹត្តិការណ៍នេះនឹងកើតឡើង នៅចំថ្ងៃបុណ្យភ្ជុំបិណ្ឌធំ ដែលជាប្រពៃណីរបស់ខ្មែរ បានប្រកាន់ខ្ជាប់ជាង១ពាន់ឆ្នាំមកហើយ។
តើព្រឹត្តិការណ៍សមរាត្រី ជាពេលវេលាថ្ងៃនិងយប់ស្មើគ្នា ដែលព្រះអាទិត្យរះ នៅចំកំពូលកណ្ដាលរបស់ប្រាសាទអង្គរវត្តនេះ មានទំនាក់ទំនងអ្វី ជាមួយពិធីបោះបាយបិណ្ឌនិងបុណ្យភ្ជុំបិណ្ឌ ដែលប្រជាពលរដ្ឋខ្មែរតែងប្រារព្ធជារៀងរាល់ឆ្នាំដែរឬទេ?
អ្នកបុរាណវិទូរនិងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាលនិងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី ឱ្យដឹងថាតាមការស្រាវជ្រាវ ពិធីបោះបាយបិណ្ឌគឺជាប្រពៃណីរបស់ពួកព្រាហ្ម នៅក្នុងព្រហ្មញ្ញសាសនា ដែលភាសាសំស្រ្កឹតថា(ស្រាទ្ធា)។ គេធ្វើពិធីនេះដើម្បីជួយយិតយោងនិងសង្គ្រោះ ដល់ព្រលឹងសាច់ញាតិ ដែលស្លាប់ទៅ ហើយកើតជាប្រេតឱ្យអាចវិលត្រឡប់មកកើតជាមនុស្សវិញ។
លោក អ៊ឹម សុខរិទ្ធី ពន្យល់ថានៅក្នុងលទ្ធិព្រាហ្ម របស់ឥណ្ឌា ពិធីបោះបាយបិណ្ឌ ដែលធ្វើឡើងពីអង្ករដំណើបនេះ គឺពួកគេធ្វើនៅក្នុងគ្រួសារ សម្រាប់ឧទ្ទិស ទៅព្រលឹងសាច់ញាតិ របស់គេដែលស្លាប់ទៅតែប៉ុណ្ណោះ។ ប៉ុន្តែនៅពេលដែលខ្មែរបានយកពិធីនោះមករៀបចំ គឺមិនត្រឹមតែឧទ្ទិសជូនទៅដល់ព្រលឹងញាតិការ៧សន្ដានដែលបានស្លាប់ទៅ ប៉ុណ្ណោះទេ គឺថែមទាំងឧទ្ទិសជូនទៅដល់ព្រលឹង វិរៈជន យុទ្ធជន ដែលបានស្លាប់ក្នុងបុព្វហេតុចម្បាំងការពារជាតិមាតុភូមិ ឧទ្ទិសទៅដល់អ្នកស្លាប់នៅតាមដងព្រៃ ដែលគ្មានសាច់ញាតិ និងព្រលឹងខ្មោចអនាថាផងដែរ។
ពិធីបោះបាយបិណ្ឌ ឬក៏បុណ្យភ្ជុំបិណ្ឌ បានកើតមាននៅក្នុងសង្គមខ្មែរ រយៈពេលជាង១ពាន់ឆ្នាំមកហើយ។
យោងតាមសិលាចារិកមួយដែលគេបានរកឃើញនៅលើខ្នងបាយរាណ៍ ដែលមានលេខកូដសំគាល់K279 បាននិយាយអំពីពិធីបុណ្យ ទៅតាមព្រហ្មញ្ញសាសនាដែលភាសាសំស្រ្កឹតហៅថា(ស្រាទ្ធា)នេះ គឺជាពិធីបោះបាយបិណ្ឌ ធ្វើពីអង្ករដំណើប ដើម្បីជួយស្រោចស្រង់ ដល់ព្រលឹងអ្នកស្លាប់ ដែលក្លាយទៅជាប្រេតហើយនោះ ឱ្យអាចវិលត្រឡប់មកកើតជាមនុស្សវិញ។
ការបោះបាយបិណ្ឌ ធ្វើពីអង្ករដំណើបនោះ មិនមែនក្នុងន័យ ដើម្បីឱ្យពពួកប្រេត ដែលកំពុងស្រេកឃ្លានបានទទួលទានចំអែតកាយទេ។ គឺបាយដែលគេពូតចេញពីអង្ករដំណើបដែលស្អិត ចំនួន១៩ពំនូត ជាតំណាងឱ្យរូបកាយដែលអាចឱ្យព្រលឹងរបស់អ្នកស្លាប់ ហើយកើតទៅជាប្រេត អាចចាប់យករូបកាយបាន ហើយវិលមកកើតជាមនុស្សវិញ។
យោងតាមគម្ពីរព្រះពុទ្ធសាសនាមហាយានKanradan Vyuha ដែលសរសេរនៅក្នុងតំបន់កាស្មៀនៃប្រទេសឥណ្ឌា តាំងពីអំឡុងសតវត្សទី៥នៃគ្រីស្តរាជ ហើយព្រះមហាក្សត្រខ្មែរសម័យមហានគរគឺព្រះបាទជ័យវរ្ម័នទី៧ បានយកមកប្រតិបត្តិតាំងពីអំឡុងចុងសតវត្សទី១២និងដើមសតវត្សទី១៣នៃគ្រីស្តសករាជ បានបញ្ជាក់អំពីរឿងរ៉ាវប្រេត ព្រមទាំងបានឆ្លាក់ទុកនៅក្លោងទ្វារខាងកើតរបស់ប្រាសាទតានៃ ក្នុងខេត្តសៀមរាប។ អតីតព្រះមហាក្សត្រខ្មែរព្រះបាទជ័យវរ្ម័នទី៧ ដែលយកគម្ពីរព្រះពុទ្ធសាសនាមហាយាន មកប្រតិបត្តិ ដោយគោរពបូជាទៅលើលោកេសូរនោះ ព្រះអង្គ ជឿថានៅមុនពេលដែលព្រះអង្គឡើងគ្រងរាជ្យ មានចម្បាំងបង្ហូរឈាមយ៉ាងខ្លាំងដើម្បីរំដោះរាជធានីអង្គរពីចាម។ដោយសារតែចម្បាំងនោះ ធ្វើឱ្យរាស្ត្រជាច្រើនរងទុក្ខវេទនា និរាសព្រាត់ប្រាស់គ្រួសារនិងកងទ័ពជាច្រើនបានស្លាប់ ហើយព្រះអង្គជឿថារាស្ត្រនិងកងទ័ពខ្លះដែលស្លាប់ទាំងនោះ មិនដឹងវិញ្ញាណក្ខ័ន្ធទៅដល់ទីណា ឬខ្លះដែលមានកម្មអាចនឹងទៅកើតជាប្រេត ទទួលរងទុក្ខទោស តាមកម្ម ហើយមានតែព្រះលោកេសូរប៉ុណ្ណោះ ដែលមានអំណាចនិងសំដែងបដិហារ ជួយសង្គ្រោះពួកប្រេតទាំងនោះ ឱ្យរួចផុតពីទុក្ខទោស និងវិលមកកើតជាមនុស្សវិញបាន។
ដោយសារតែមូលហេតុនេះ ទើបសង្គមខ្មែរ នាំគ្នាប្រារព្ធធ្វើពិធីបុណ្យបោះបាយបិណ្ឌនិងភ្ជុំបិណ្ឌតាំងពីពេលនោះតរៀងមក។
តើពិធីបោះបាយបិណ្ឌនិងភ្ជុំបិណ្ឌ មានអ្វីទាក់ទងទៅនិងព្រឹត្តិការណ៍សមរាត្រី ដែលមានថ្ងៃរះចំកំពូលកណ្ដាល របស់ប្រាសាទអង្គរវត្ត?។

អ្នកបុរាណវិទូរនិងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាលនិងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី ពន្យល់ថាព្រឹត្តិការណ៍សមរាត្រី ដែលជាពេលវេលាថ្ងៃនិងយប់ស្មើគ្នា ត្រូវបានមនុស្សជាតិជាច្រើនក្នុងពិភពលោកចាត់ទុកថាគឺជាថ្ងៃមង្គលដែលកម្រកើតមាន។ តាមរយៈថ្ងៃមង្គលនេះបានធ្វើឱ្យមនុស្សមានការភ្ជាប់ខ្លួនទៅនិងអារ្យធម៌ ទៅនិងផ្នែកវប្បធម៌ សាសនានិងព្រឹត្តិការណ៍សង្គមផ្សេងៗ។រឿងរ៉ាវក្នុងគម្ពីរKanradan Vyuha នៃព្រះពុទ្ធសាសនាមហាយាន ដែលមានចម្លាក់ទុកនៅក្លោងទ្វារខាងកើតរបស់ប្រាសាទតានៃ បាននិយាយអំពីព្រះពោធិសត្វ ទ្រង់យាងចុះទៅឋាននរក ដើម្បីជួយសង្គ្រោះពួកប្រេតទាំងឡាយ ឱ្យចាកចេញផុតពីឋាននោះ នៅក្នុងថ្ងៃមង្គល នារដូវវស្សា ដែលគេជឿថាថ្ងៃមង្គលនោះ គឺជាថ្ងៃសមរាត្រី ដែលបង្កើតឱ្យមានពេលវេលា រវាងថ្ងៃនិងយប់ស្មើគ្នានោះឯង៕