ខេត្តព្រះវិហារ៖ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បាននាំយកកញ្ចប់ជំនួយបន្ទាន់ ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន ទៅប្រគល់ជូនដល់ជនភៀសសឹក (គេចចេញពីសង្គ្រាមឈ្លានពានទឹកដីរបស់ទាហានថៃ) ២០០គ្រួសារ ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តកំពង់សង្កែ ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ។
ពិធីប្រគល់ជំនួយនេះធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមវត្តមាន លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោក Nagashe Kensuke ឧបទូត និងជាអនុប្រធានបេសកកម្ម នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា រួមជាមួយតំណាងអង្គការយូនីសេហ្វ UNICEF និងអង្គការ IOM ប្រចាំនៅកម្ពុជា។
នាឱកាសនោះ លោក Nagashe Kensuke បានថ្លែងថា ជំនួយនេះគឺដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ជម្លោះព្រំដែន។ លោកបន្តថា ជំនួយនេះត្រូវបានផ្តល់តាមរយៈអង្គការ យូនីសេហ្វ UNICEF និង IOM ដោយផ្តោតលើការផ្តល់សម្ភារៈចាំបាច់ ទីជម្រកបណ្តោះអាសន្ន ទឹកស្អាត និងការគាំទ្រផ្នែកផ្លូវចិត្ត ហើយលោកសង្ឃឹមថា ជំនួយនេះនឹងជួយឱ្យជនភៀសខ្លួន អាចកសាងជីវិតរបស់ពួកគេឡើងវិញ បានឆាប់រហ័ស។
អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានបង្ហាញពីភាពជាមិត្តដ៏ល្អ ដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជា និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរបស់ជប៉ុន ក្នុងការជួយដល់កម្ពុជា៕ដោយ៖ឡុង សំបូរ





































