រដ្ឋមន្ត្រីក្រសួងអប់រំ​ ប្រគល់សញ្ញាបត្រ​ ជូននិស្សិតជ័យលាភីជាង​ ២០០០នាក់ នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តកំពង់ចាម​

0

កំពង់ចាម​:​ ឯកឧត្តមបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ២,២២៣ អង្គ/នាក់​ នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា​ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម​ ឯកឧត្តម ​អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា​ ព្រមទាំង​ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យគ្រប់គ្រង​ និងសេដ្ឋកិច្ច។

ថ្លែងក្នុងឱកាសនោះ​ ឯកឧត្តមបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន​ មានប្រសាសន៍ថា​ ការអប់រំបណ្តុះបណ្តាលរបស់សាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តកំពង់ចាម គឺជាការចូលរួមគាំទ្រ ដល់ការអនុវត្តនូវយុទ្ធសាស្ត្រកំណើនសេដ្ឋកិច្ចថ្មី ក្នុងក្របខ័ណ្ឌនៃគោលនយោបាយអភិវឌ្ឍ វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ តាមរយៈការបង្កើនទាំងបរិមាណ និងគុណភាពនិស្សិត លើជំនាញនានា ប្រកបដោយបច្ចេកទេសច្បាស់លាស់ និងជំនាញទន់ ដោយបង្កលក្ខណៈដល់និស្សិតក្នុងការអនុវត្ត ការប្រកួតប្រជែង និងការផ្សារភ្ជាប់​ ការសិក្សាទ្រឹស្តីទៅនឹងសកម្មភាព សហគ្រិនភាព ដោយបង្កើន សមត្ថភាព ក្នុងការដោះស្រាយបញ្ហា ការគោរពវិន័យនៅកន្លែងការងារ ។ល។

ជាមួយគ្នានោះ​ឯកឧត្ដម​រដ្ឋមន្ត្រីក្រសួងអប់រំ បានក្រេីនរំលឹកថា ការសិក្សាជាកត្តាចាំបាច់សម្រាប់ជីវិតមនុស្សម្នាក់ៗ បើមិនមានការសិក្សាស្រាវជ្រាវជាប្រចាំនោះទេ យើងមិនអាចតាមទាន់ភាពទំនើបនៃភាវូបនីយកម្មបច្ចេកវិទ្យា ដែលកំពុងវិវត្តន៍រីកចម្រើនយ៉ាងខ្លាំងក្លានេះបានឡេីយ​ ដូច្នេះ​ក្មួយៗត្រូវបន្តការសិក្សាស្រាវជ្រាវ និងបន្តការសិក្សាពង្រីក ចំណេះដឹងរបស់ខ្លួនឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីបង្កើនកម្រិត គុណវុឌ្ឍតាមជំនាញរបស់ខ្លួន សំដៅតាមឱ្យទាន់ការរីកចម្រើននៃសង្គម និងវិទ្យាសាស្ត្រ ពីព្រោះការសិក្សាអប់រំ គឺគ្មានទីបញ្ចប់នោះទេ។

ក្នុងឱកាសនោះដែរ​ ឯកឧត្តម មួន វាសនា សាកលវិទ្យាធិការរង និង ជានាយកសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តកំពង់ចាម​ បានឱ្យដឹងថា​ និស្សិតដែលត្រូវទទួលសញ្ញាបត្រថ្ងៃនេះមាន ចំនួន ២,២២៣ អង្គ/នាក់ ក្នុងនោះ និស្សិត​ ថ្នាក់បរិញ្ញាបត្ររង ចំនួន ៣៧៦នាក់ ថ្នាក់បរិញ្ញាបត្រ ចំនួន​ ១,៥៥៧នាក់ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ២៩០នាក់ ៕