ឧត្ដមសេនីយ៍ឯក សុក សារ៉េត ប្រកាសបិទសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២៤ និងបណ្ដាឆ្នាំពាក់ព័ន្ធ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ

0

កំពង់ធំ៖ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុក សារ៉េត អគ្គនាយករង តំណាងឯកឧត្ដមឧត្ដមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានអញ្ជើញជាគណ:អធិបតី ក្នុងពិធីប្រកាសបិទសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២៤ និងបណ្ដាឆ្នាំពាក់ព័ន្ធ នៅស្នងការដ្ឋាននគរបាលខេត្ត ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។

ជាកិច្ចចាប់ផ្ដើម លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរងតំណាងលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងថា ថ្ងៃនេះ លោកមានក្ដីសោមនស្សរីករាយក្រៃលែង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានឯកឧត្តមឧត្តមសេនីយ៍ឯក ព្រមទាំងប្រតិភូអមដំណើរ នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដែលបានចំណាយពេលវេលា ដ៏មានតម្លៃ អញ្ជើញជាគណៈអធិបតី នាឱកាសនេះ ។

លោកបានបន្តលើកឡើង អំពីការងារសម្រេចបានក្នុងរយៈពេលថ្មីៗនេះ រួមមាន÷ អគារមុខងារ និងជួសជុល កែលម្អ អគារការិយាល័យជំនាញដាំដើមឈើ ក្នុងបរិវេណ ជុំវិញរបងស្នងការដ្ឋាននគរបាលខេត្ត ។ទិញសម្ភារៈ បំពាក់សម្រាប់ការិយាល័យជំនាញ និងទិញមធ្យោបាយ( ម៉ូតូប្រដេញចំនួន ០៦គ្រឿង និងម៉ូតូហុងដាសេ១០០ ចំនួន២គ្រឿង)។ បាននាំគ្រឿងឧបភោគបរិភោគ ថវិកា ឧបត្ថម្ភ ជូនអតីតយុទ្ធជនជាប្រចាំ ។ បានដឹកនាំកងកម្លាំង និងដោយមានការចូលរួមពីសប្បុរសជនសាងសង់ប៉ុស្តិ៍គោលដៅ សម្រាប់កងកម្លាំងប្រចាំការ ។ ចុះសំណេះសំណាលជាមួយកងកម្លាំងនគរបាលទូទាំងខេត្ត ដើម្បីពង្រឹងបទវិន័យ តួនាទី ភារកិច្ច តាមឋានានុក្រម ។ ចុះសាកសួរសុខទុក្ខមន្ត្រីនគរបាល ដែលមានជម្ងឺ ឈឺថ្កាត់ ដល់គេហដ្ឋាន។ ធ្វើការលើកទឹកចិត្តចំពោះថ្នាក់ដឹកនាំ និងកម្លាំង ដែលមានស្នាដៃ ក្នុងការអនុវត្ត តួនាទី ភារកិច្ច ជូនអង្គភាព។បើក វគ្គបណ្តុះបណ្តាលបំប៉នជំនាញរយៈពេលខ្លី ដល់កងកម្លាំង…។ល។

ជាមួយគ្នានេះដែរ លោកបានណែនាំ ដល់អស់លោក លោកស្រី ដែលមានវត្តមានក្នុងពិធី ត្រូវត្រងត្រាប់ស្ដាប់កត់ត្រា នូវអនុសាសន៍បទពិសោធន៍ ដ៏មានតម្លៃ របស់ឯកឧត្តមគណៈអធិបតី ដើម្បីជាត្រីវិស័យ សម្រាប់អនុវត្ត តួនាទី ភារកិច្ចជំនាញជាប្រចាំថ្ងៃ សម្រេចបានជោគជ័យបន្ថែមទៀត ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុក សារ៉េត អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង មានប្រសាសន៍ សំណេះសំណាលជាមួយកងកម្លាំង ដោយថ្លែងថា ការចុះធ្វើសវនកម្ម គឺដើម្បីត្រួតពិនិត្យ លើប្រព័ន្ធដឹកនាំ តាមបណ្តាផែនជំនាញនីមួយៗ វាយតម្លៃលើភារកិច្ចជំនាញ តម្រង់ទិស កែលំអរ ចំនុចខ្វះខាតមួយចំនួន តាមបណ្តាឆ្នាំដែលពាក់ព័ន្ធ ជាពិសេសលើក :ទី ១.ការងារគ្រប់គ្រង ទី ២.ការងារគ្រប់គ្រងហិរញ្ញវត្ថុ (គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ មានអចលនទ្រព្យ ចលនទ្រព្យ) ទី៣.ត្រួតពិនិត្យកញ្ចប់ថវិកា ទី ៤.ការងាររដ្ឋបាលទូទៅ។

ឯកឧត្តម បន្តថ្លែងថា ការចុះធ្វើសវនកម្ម នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ រយៈពេលកន្លងមក ជាលទ្ធផលបានបង្ហាញឱ្យឃើញថា ស្នងការនគរបាលខេត្តកំពង់ធំ បានយកចិត្តទុកដាក់ អនុវត្តបានត្រឹមត្រូវ តាមផែនការសកម្មភាពការងារ និងផែនការយុទ្ធសាស្ត្រប្រចាំឆ្នាំ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ ក្នុងការចូលរួមពង្រឹងរាល់យន្តការផ្សេងៗ ដែលរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដាក់ចេញ សម្រាប់ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត អនុវត្តឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម បានសម្ដែងចូលរួមអបអរសាទរ និងកោតសរសើរ ដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលមានការកែលម្អ អង្គភាព ឱ្យទទួលបាន ភាពស្រស់បំព្រង និងរៀបចំបានល្អប្រសើរ ដែលជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ក៏ដូចជាអស់លោក លោកស្រី ដែលបានចូលរួមក្នុងការកសាងអភិវឌ្ឍន៍ រីកចម្រើននូវសមិទ្ធផលនានា គួរជាទីមោទនៈ ៕