បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ប្រចាំខែកញ្ញា ឆ្នាំ ២០២៥ និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្ត 

0

កំពង់ធំ៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារយោធាសន្តិសុខ ប្រចាំខែកញ្ញា ឆ្នាំ២០២៥ និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្ត  ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាពចំណុះនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចូលរួមផងដែរ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ ។

លោកអនុសេនីយ៍ឯក ចាន់ សុធី នាយរងការិយាល័យទី៣ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងធ្វើរបាយការណ៍ ស្ដីពីលទ្ធផលសកម្មភាពការងារយោធាសន្តិសុខ ដែលសម្រេចបានក្នុងខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ ដោយបានគូសបញ្ជាក់អំពីចំណុចខ្លាំង បញ្ហាប្រឈម និងគ្រោងទិសដៅមួយចំនួនដែលត្រូវអនុវត្តបន្តផងដែរ ។

សមាជិក សមាជិកាអង្គប្រជុំ បានឡើងពិភាក្សា និងបំពេញបន្ថែមលើរបាយការណ៍ និងលើកទិសដៅមួយចំនួន សុំការសម្រេចពីមេបញ្ជាការ និងអង្គប្រជុំ ដើម្បីដាក់ចេញសម្រាប់អនុវត្តទិសដៅបន្ត ឲ្យទទួលបានជោគជ័យ តាមភារកិច្ចដែលថ្នាក់លើបានប្រគល់ជូន ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លៃងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាលកងឯកភាពចំណុះ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ តាមផែនការដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានប្រគល់ជូន ទទួលបានជោគជ័យគួរជាទីមោទនៈ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយអំពីសភាពការណ៍ថ្មីៗនៅតាមព្រំដែនកម្ពុជា-ថៃ ពិសេសការរំលោភបំពានបទឈប់បាញ់ ជាបន្តបន្ទាប់របស់ភាគីថៃ មកលើដែនអធិបតេយ្យភាពបូរណភាពទឹកដីកម្ពុជា ។  តែប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងកងយោធពលខេមរភូមិន្ទយើង បានខិតខំអត់ធ្មត់ គោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ ។  ដែលបទឈប់បាញ់នេះ ក្រោមការសម្របសម្រួលពីប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងតំណាងភាគីនៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្ដូរវេន  ដែលបានខិតខំប្រឹងប្រែងសម្រួលឲ្យមានបទឈប់បាញ់នេះកើតឡើង ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមេបញ្ជាការគ្រប់បណ្ដាលកងឯកភាព ទី១ ត្រូវបន្តត្រៀមបម្រុងកម្លាំង និងមធ្យោបាយ គ្រឿងបំពាក់គ្រប់គ្រាន់ ដើម្បីចល័តអន្តរាគមន៍តាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ ។ ទី២ ត្រូវបន្តចូលរួម និងអនុវត្តឲ្យមានប្រសិទ្ធភាព ក្នុងភារកិច្ចការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មិនឱ្យកើតមានឡើងជាថ្មីនូវបទល្មើសព្រៃឈើ និងបទល្មើសនេសាទ នៅលើទឹកដីខេត្តកំពង់ធំបានទៀតឡើយ ។ និងទី៣ ត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ។ ការត្រៀមបម្រុងកម្លាំង និងមធ្យោបាយគ្រប់គ្រាន់ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ពិសេសគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងកើតឡើងនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។ ព្រមជាមួយនោះត្រូវបន្តយកចិត្តទុកដាក់បម្រើប្រជាជន និងបងប្អូនអតីតយុទ្ធជននៅតាមមូលដ្ឋាននានា ឲ្យបានល្អ ដោយអនុវត្តតាមទីស្លោកកងទ័ពជាកូនចៅរបស់ប្រជាជន និងអ្វីៗដើម្បីបម្រើប្រជាជន ។