កំពង់ធំ÷ ឯកឧត្តម អ៊ុង វុទ្ធី អភិបាលនៃអភិបាលរង ខេត្តកំពង់ធំ បានអញ្ជើញចូលរួម សំណេះសំណាលជាមួយមន្ត្រីសុខាភិបាល និងពិនិត្យស្ថានភាពក្នុងការពិនិត្យព្យាបាលនៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក ដោយមានការចូលរួមអមដំណើរដោយ លោកវេជ្ជបណ្ឌិត ប៉ឹក គឹមសាន អនុប្រធានមន្ទីរ
សុខាភិបាលខេត្តកំពង់ធំ លោកវេជ្ជបណ្ឌិត ញ៉ែម ពីង ប្រធានការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិបារាយណ៍-សន្ទុក ប្រធានមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក និងប្រធានមណ្ឌលសុខភាពទាំង២២ នៅជុំវិញស្រុកតាំងគោក ស្រុកបារាយណ៍ និងស្រុកសន្ទុក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២៥ ។
ក្នុងឱកាសនេះ លោកវេជ្ជបណ្ឌិត ញ៉ែម ពីង បានលើកឡើងអំពីស្ថានភាពទូទៅនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបារាយណ៍-សន្ទុកមាន÷ ១.គ្របដណ្តប់មន្ទីរពេទ្យបង្អែកកម្រិតCPA 2។ ២.មណ្ឌលសុខភាព ចំនួន២២។ ៣. ប៉ុស្តិ៍សុខភាពចំនួន០៣។ ៤. គ្រប់ដណ្តប់ឃុំរដ្ឋបាលចំនួន២៦ និងភូមិ២៦៦ភូមិ និងកំពុងដំណើរការសាងសង់មណ្ឌលសុខភាពចំនួន០៣ បន្ថែមទៀត នៅឃុំក្រយា ឃុំបាក់ស្នា និងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។
លោកវេជ្ជបណ្ឌិត ប៉ឹក គឹមសាន បានលើកឡើងពីស្ថានភាពភូមិសាស្ត្រគ្របដណ្តប់សុខាភិបាលនៅខេត្តកំពង់ធំ មាន÷ មន្ទីរពេទ្យបង្អែកចំនួន៣ និងមណ្ឌលសុខភាព៥៦ និងប៉ុស្តិ៍សុខភាពចំនួន៥ នៅមុនឆ្នាំ១៩៩២ មានមណ្ឌលសុខភាពតែ៤៨ មណ្ឌលសុខភាព តែបច្ចុប្បន្នមាន៨ មណ្ឌលសុខភាពបន្ថែមទៀត និងកំពុងដំណើរការសាងសង់បន្ថែមទៀត ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ក៍ដូចជារួមចំណែកជាមួយរដ្ឋាភិបាលក្នុងការបង្កើនប្រសិទ្ធិភាពគុណភាពសុខភាពរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម អ៊ុង វុទ្ធី មានមតិសំណេះសំណាលឱ្យលោកគ្រូអ្នកគ្រូ ជាមន្ត្រីសុខាភិបាល យកចិត្តទុកដាក់បម្រើសុខភាពប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរ។ វិជ្ជាជីវៈវេជ្ជសាស្រ្ត គឺជាវិជ្ជាជីវៈដែលត្រូវដាក់ ផលប្រយោជន៍អ្នកជំងឺលើសផលប្រយោជន៍ផ្ទាល់ខ្លួន។ គ្រូពេទ្យត្រូវមានកាតព្វកិច្ចចំពោះអ្នកជំងឺ វិជ្ជាជីវៈ និងសង្គម ត្រូវធ្វើការងារប្រកបដោយក្រមសីលធម៌ ក្តីស្មោះត្រង់ កិត្តិយស និងភាពថ្លៃថ្នូរ។ ព្រមទាំងត្រូវអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ ដើម្បីបង្កើនចំណេះដឹង ជំនាញ និងគុណភាពថែទាំអ្នកជំងឺឱ្យកាន់តែប្រសើរឡើង។






































