ដោយ៖ឡុង សំបូរ
ខេត្តស្ទឹងត្រែង៖ ការដាស់តឿនដល់យោធិនដែលទទួលបានមុខតួនាទីថ្មី របស់មេបញ្ជាការរងយោធភូមិភាគទី១ លោកឧត្តមសេនីយ៍ទោ ឯក ចេត្តនា បានធ្វើឡើងក្នុងពិធីប្រកាសតែងតាំង ផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្តិ ជូននាយទាហាន និងនាយទាហានរងតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥
នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង នៃយោធភូមិភាគទី១។
មេបញ្ជាការតំបន់ប្រតិបត្តិកាសឹករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី តន ឆៃ បានង្លែងថា កងកម្លាំងរបស់តំបន់ប្រតិបត្តិកាសឹករងស្ទឹងត្រែង បានធ្វើពលិកម្មគ្រប់បែបយ៉ាងប្រកបដោយឆន្ទៈស្នេហាជាតិ មុះមុត អង់អាចក្លាហាន ក្នុងបុព្វហេតុ ការពារបូរណភាពទឹកដី ពីសំណាក់សត្រូវឈ្លានពានរបស់កងទ័ពសៀម និងឈរជើងការពារ បណ្តាមុខព្រួញ ដែលទទួលខុសត្រូវបានយ៉ាងរឹងមាំ។
មេបញ្ជាការរងយោធភូមិភាគទី១ លោកឧត្តមសេនីយ៍ទោ ឯក ចេត្តនា
ជំនួសមុខ លោកឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការយោធភូមិភាគទី១ បានថ្លែង ផ្តាំផ្ញើដល់នាយទាហាន និងនាយទាហារង ដែលត្រូវបានការតែងតាំងមុខងារ និងបំពាក់ ឋានន្តរសក្តិថ្មី នាពេលនេះ ត្រូវខិតខំគោរពវិន័យ បទបញ្ជា របស់កងយោធពលខេមរភូមិន្ទ គោរពច្បាប់របស់រដ្ឋ និងបទបញ្ជា នានារបស់ថ្នាក់លើឲ្យបានល្អ ។
លោកឧត្តមសេនីយ៍ទោ ឯក ចេត្តនា បានក្រើនរំលឹក ដល់យោធិនទាំងអស់ ត្រូវយកចិត្តទុកដាក់កសាង និងពង្រឹងអង្គភាព ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ ត្រូវយកចិត្តទុកដាក់ដាំដុះបន្លែបង្កា ដំណាំគ្រប់ប្រភេទ និង ត្រូវយកចិត្តទុកដាក់ថែរទាំសុខភាពជាប្រចាំ ជាពិសេស យកចិត្តទុកដាក់ចុះជួយបងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាក ជួបគ្រោះធម្មជាតិ ជុំវិញមូលដ្ឋាន ដែលអង្គភាព កំពុងឈរជើង ។
លោកមេបញ្ជាការរងយោធភូមិភាគ១ បានសង្កត់ធ្ងន់ថា យោធិនដែលទទួលបាននូវការផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្តិថ្មីនៅពេលនេះ ត្រូវបង្កើនស្មារតីទទួលខុសត្រូវ ខ្ពស់បន្ថែមទៀត ចំពោះមុខងារ និងភារកិច្ចថ្មី ដើម្បីឲ្យសក្តិសម និងទំនុកចិត្តរបស់ថ្នាក់ដឹកនាំ ត្រូវពង្រឹងគោលលជំហរ សតិអារម្មណ៍រឹងមាំ ស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ រាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រឆាំងដាច់ខាត ការធ្វើបដិវត្តន៍ពណ៌ របស់ពួកជនក្បត់ជាតិ មួយក្តាប់តូច ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់៕






































