ថ្នាក់ដឹកនាំខេត្តកំពង់ចាម ប្រារព្ធពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ ក្នុងការបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍កំពង់ចាម

0

កំពង់ចាម​: ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងតំណាងក្រសួងពាក់ព័ន្ធ នារសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមប្រារព្ធពិធីសាសនាក្រុងពាលី សូត្រមន្ត បួងសួងសុំសេចក្តីសុខ ក្នុងការបើកការដ្ឋានគម្រោងសាងសង់កំពង់ផែទេសចរណ៍កំពង់ចាម ស្ថិតនៅក្រុងកំពង់ចាម ខេត្តកំពង់ចាម។

កំពង់ផែដែកទេសចរណ៍ខេត្តកំពង់ចាម គ្រោងនឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ នេះហើយ គម្រោងនេះ ជាគម្រោងកែលម្អកំពង់ចម្លងចាស់ នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម ឱ្យប្រែក្លាយជាកំពង់ផែទេសចរណ៍ស្តង់ដា មានសោភណភាព សមស្របសម្រាប់នាវាចូលសំចត ដោយសាងសង់ប្រើប្រាស់ថវិកាជាតិ តាមរយៈចំណតកំពង់ផែទេសចរណ៍ដែកបណ្តែតទឹកនេះ នឹងផ្តល់ប្រយោជន៍ដ៏ធំធេង ដល់ខេត្តកំពង់ចាម និងបម្រើដល់ ការតភ្ជាប់ផ្លូវនាវាចរណ៍ ទៅកាន់ខេត្ត តាមបណ្តោយផ្លូវទឹកនានាផងដែរ។

គូសបញ្ជាក់ថា គម្រោងកសាងសង់កំពង់ផែទេសចរណ៍ក្នុង ក្រុងកំពង់ចាម គឺជាភាពទាក់ទាញ ដែលអាចឱ្យនាវាទេសចរណ៍ក្នុងស្រុក និងក្រៅស្រុក មកចតបានត្រឹមត្រូវមានសណ្តាប់ធ្នាប់ល្អ និងគ្រោងរៀបចំអោយមាន កន្លែងសម្រាប់សម្រាកអង្គុយរង់ចាំរបស់ភ្ញៀវទេសចរណ៍ ប្រកបដោយមានផាសុភាពល្អទៀតផង៕