លោក ជិន ស៊ីថា ដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ បានលែងកូនត្រីចម្រុះ និងលៀសចូលទន្លេវិញ

0

កំពង់ធំ÷ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ អធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប  និងសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ បានដឹកនាំកម្លាំង មន្រ្តីខណ្ឌជលផលកំពង់ធំ និងមន្ត្រីជាប់កិច្ចសន្យា និងគណៈកម្មការសហគមន៍នេសាទសាមគ្គីកំពង់គោ សហការជាមួយកម្លាំងទីបញ្ជាការស្រាល ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុច: អូរតាសេក,ចុងអូរឡោ ក្នុងភូមិសាស្រ្តឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥។

លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង ដឹកនាំកម្លាំងចូលរួមជាមួយលោកអនុសេនីយ៍ឯក សុក វណ្ណដា នាយទាហាន ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី ៤)សហការជាមួយ កម្លាំងចម្រុះ ទីបញ្ជាការស្រាលប្រចាំការ ឃុំពាមបាង ស្រុកស្ទោង បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅចំណុចទួលលឹង ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ លោក គន ចាន់សីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោង បានទទួល បទល្មើសជលផល ឡានដឹកលៀសគ្មានលិខិតអនុញ្ញាតចំនួន៣គ្រឿង លៀសចំនួន៣០តោន ដែលសមត្ថកិច្ចយោធាបានឃាត់ចាប់ ដើម្បីបន្តអនុវត្តនីតិវិធីតាមច្បាប់ស្ដីពីជលផល លៀសត្រូវបានសមត្ថកិច្ចចាក់លែងចូលទន្លេវិញ។

ជាក់ស្ដែងកម្លាំងជំនាញបានចុះសង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ជាលទ្ធផលអនុវត្តបាន០១ករណី បានរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅហ្នឹងកន្លែងរួមមាន÷ របាំងស្បៃមុងចំនួន៣៤របាំង ប្រវែង ១.៥២០ម៉ែត្រ ឡុកចំនួន៣៤គ្រឿង លូចំនួន៣៦មាត់ បង្គោលចំនួន៩៤០ដេីម ចាក់លែងត្រីចម្រុះទំងន់៥០គីឡូក្រាម ចូលទន្លេវិញ និងមធ្យោបាយកាណូតចំនួន០៤គ្រឿង ប្រើប្រាស់ប្រេងចំនួន៨០លីត្រផងដែរ៕