ឯកឧត្តម អ៊ុន ចាន់ដា ប្រគល់ផ្ទះមនុស្សធម៌ទី២៨ និងម៉ូតូ ១គ្រឿង ជូនគ្រួសារវីរកងទ័ពជួរមុខ នៅឃុំរាយប៉ាយ ស្រុកកងមាស

0

កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងឯកឧត្តម ហោ ប៉េង តំណាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញប្រគល់ផ្ទះមនុស្សធម៌ទី២៨ និងម៉ូតូ ១គ្រឿង ជូនអ្នកស្រី អេន ស៊ីណា អាយុ ៣៨ឆ្នាំ ជាភរិយាវីរកងទ័ពជួរមុខ រស់នៅភូមិរាយប៉ាយកណ្តាល ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម ។

គួរបញ្ជាក់ថា អ្នកស្រី អេន ស៊ីណា ជាភរិយាយោធិនជួរមុខនៅមុំ៣ ទិសព្រះវិហារ (ផុន សុធា) កំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដី នៅសមរភូមិព្រំដែន។ អ្នកស្រី មានកូនស្រី ប្រុស ២នាក់ក្នុងបន្ទុក និងមានផ្ទៃពោះ ៤ខែ ថែមទៀត ។ ដោយមើលឃើញពីស្ថានភាពលំបាករបស់គ្រួសារវីរយុទ្ធជនជួរមុខ កង្វះមធ្យោបាយធ្វើដំណើរ និង ជម្រកស្នាក់នៅ ព្រោះមានតែកូនផ្ទះតូចមួយ បិទបាំងដោយសង្កសីចាស់ទ្រុឌទ្រោម ផងនោះ ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឯកឧត្តម ហង់ជួន ណារ៉ុន ក៏បានសម្រេចសាងសង់ ផ្ទះថ្មផ្ទាល់ដី ប្រក់សង្កសី ១ខ្នង ទំហំ ៥ម×៨ម និងបង្គន់អនាម័យ ១បន្ទប់ ជាមួយនោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានផ្តល់ថវិកាបដិភាគ សម្រាប់ចាក់ដី និងឥដ្ឋការ៉ូក្រាលបាតផ្ទះ ព្រមទាំង បានប្រគល់ជូនម៉ូតូថ្មី ១គ្រឿង សម្រាប់ជាមធ្យោបាយធ្វើដំណើររបស់គ្រួសារវីរកងទ័ពជួរមុខរបស់យើងផងដែរ ។

អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជាដែលបានផ្តល់សម្រាប់សង្កត់ផ្ទះថ្មី ជូន អ្នកស្រី អេន ស៊ីណា រួមមាន អង្ករ ៥០គក្រ ព្រមទាំង គ្រឿងឧបភោគ បរិភោគ សម្ភារផ្ទះបាយ សម្ភារដំណេក ក្នុងមួយមុខ ២សម្រាប់ និងថវិកាចំនួន ២សែនរៀល ។
ដោយឡែក លោកយាយ លោកតា ដែលចូលរួមជាសាក្សីក្នុងពិធីប្រគល់ -ទទួលផ្ទះថ្មីនេះ ចំនួន ១២នាក់ ម្នាក់ៗ ទទួលបាន អង្ករ ២៥គក្រ- គ្រឿង ឧបភោគ បរិភោគ និង ថវិកាមួយចំនួនផងដែរ ៕