កំពង់ធំ÷ ឯកឧត្តម ជីវ ស៊ុនហេង បានណែនាំសមាជិកសមាជិកាត្រូវបន្តយន្តការបង្កើនសមាជិកបក្សថ្មីបន្ថែមទៀតសំដៅដណ្តើមជ័យជម្នះគ្រប់សមរភូមិបោះឆ្នោត ឯកឧត្តមរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំកំពង់ចិនជើង បានណែនាំ
ដូច្នេះនៅក្នុងឱកាសដែលឯកឧត្តម តំណាងឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានដឹកនាំកិច្ចប្រជុំជីវភាពគណបក្សប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ ដែលមានការចូលរួមពីគណៈកម្មាធិការគណបក្សឃុំ ប្រធានសាខាគណបក្សភូមិទាំង៦ និងសមាជិក សមាជិកាគណបក្សសរុបប្រមាណ ៥០នាក់ នៅសាលប្រជុំនៃទីស្នាក់ការគណបក្សឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥។
ថ្លែងក្នុងកិច្ចប្រជុំ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកំពង់ចិនជើង ឯកឧត្តម ជីវ ស៊ុនហេង បានមានប្រសាសន៍ណែនាំពីរបៀបរបបនៃការបំពេញភារកិច្ចដល់ក្រុមការងារនៅមូលដ្ឋាន ក៏ដូចជាសមាជិក សមាជិកាគណបក្ស ក្នុងការពង្រឹងថែរក្សាសមាជិកបក្សដែលមានស្រាប់ និងបន្តយន្តការបង្កើនសមាជិកបក្សថ្មីបន្ថែមទៀត ក្នុងន័យធ្វើយ៉ាងណា ដើម្បីដណ្តើមយកជ័យជម្នះក្នុងការបោះឆ្នោតនាពេលខាងមុខ។
ជាមួយនេះផងដែរលោកបានសំដែងនូវការកោតសរសើរខ្ពស់ដល់សមាជិកសមាជិកាក៏ដូចជាក្រុមការងារឃុំ កំពុងចិនជើង ដែលតែងតែនិងបានអនុវត្តនូវកិច្ចការល្អប្រសើរកន្លងមកជាពិសេសការផ្ដល់សេវានិងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋពុកម៉ែបងប្អូនប្រកបដោយទំនួលខុសត្រូវ សាមគ្គីភាពនិងឆាប់រហ័សបំផុត។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបានពន្យល់ និងណែនាំសមាជិក សមាជិកាបក្សឱ្យបន្តជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្តេចធិបតី ព្រមទាំងវីរកងទ័ពកម្ពុជា ក្នុងបញ្ហាជម្លោះព្រំដែនជាមួយប្រទេសជិតខាង ជាពិសេសការអត់ធ្មត់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការថែរក្សាកិច្ចព្រមព្រៀងបទឈប់បាញ់ បើទោះបីជាភាគីសៀមនៅតែបន្តញុះញង់ដាក់ពង្រាយលួសបន្លា និងការផ្លោងគ្រាប់ចូលក្នុងទឹកដីកម្ពុជាក្តី ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជានៅតែរក្សាជំហរប្រកាន់យកការចរចាដោយសន្តិវិធី និងកំណត់យកយន្តការការទូតជាអាទិភាពក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី។






































