ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំប្រតិភូ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ គោរពវិញ្ញាណក្ខន្ធឯកឧត្តម ប៉ែន សុឃឿន សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ

0

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំប្រតិភូ នាយទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ប៉ែន សុឃឿន សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ ដែលបានទទួលមរណភាព កាលពីវេលាម៉ោង ១២និង១០ នាទី ថ្ងៃត្រង់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ដោយរោគាពាធ ក្នុងជន្មាយុ ៦២ឆ្នាំ នៅភូមិទី៧ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ប៉ែន សុឃឿន ដោយក្តីគោរពអាឡោះអាល័យ ចំពោះការបាត់បង់នូវធនធានមនុស្សដ៏ល្អឆ្នើមរបស់ខេត្តកំពង់ធំ ។ ដោយកន្លងមកឯកឧត្តម ប៉ែន សុខឃឿន ធ្លាប់បានបម្រើការងារក្នុងវិស័យសុខាភិបាល ក្នុងការជួយសង្គ្រោះប្រជាជន ក្នុងភារកិច្ចបម្រើជាតិ សាសនា ព្រះមហាក្សត្រ ហើយត្រូវបានមជ្ឈដ្ឋានទូទៅគោរពនិងស្រឡាញ់ផងដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណេះសំណាលចូលរួមរំលែកទុក្ខដ៍ក្រៀមក្រំជាទីបំផុតនេះ ជាមួយក្រុមគ្រួសារសព ព្រមទាំងបានចូលរួមបច្ច័យមួយចំនួន ដើម្បីគាំទ្រដល់ការរៀបចំពិធីបុណ្យសព ហើយនិងបានចុះហត្ថលេខាលើសៀវភៅក្រាំងមាស ដើម្បីចារទុកដល់ការចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព ហើយនិងបានសូមគោរពបួងសួង សុំឲ្យវិញ្ញាណខន្ធឯកឧត្តម ប៉ែន សុឃឿន ឲ្យបានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

ក្រុមគ្រួសារសពឯកឧត្តម ប៉ែន សុឃឿន បានសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន និងប្រតិភូ ដែលបានអញ្ជើញមកដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ដល់ស្វាមី លោកឪពុក ឪពុកក្មេក បង ប្អូន និងជីតា ដែលបានបាត់បង់ទៅជារៀងរហូតនេះ និងបានសូមគោរពជូនពរដល់ប្រតិភូនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ ។