កំពង់ចាម: អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម លោក ខ្លូត ចិន្តា បានថ្លែងថា ជំនន់ទឹកទន្លេ មេគង្គ និងទឹកភ្លៀងនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម បណ្តាលឱ្យប៉ះពាល់ដំណាំស្រូវ ចំនួន៦,៤៨៨ហិកតា ក្នុងនោះប្រសើរឡើងវិញចំនួន ១,៣២៦ហិកតា ថ្លែងបែបនេះក្នុងកិច្ចប្រជុំ សាមញ្ញលើកទី១៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៤ ខែ
តុលា ឆ្នាំ២០២៥ ក្រោមវត្តមាន ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ។
ក្នុងកិច្ចប្រជុំនេះដែរ លោកអភិបាលរងខេត្ត បានបញ្ជាក់ថា គ្រោះទឹកជំនន់ឆ្នាំ២០២៥នេះដែរ បណ្តាលឱ្យដំណាំស្រូវរងការខូចខាតចំនួន ២,៨២២ហិកតា ក្នុងនោះផ្ទៃដីដែលបានដាំដុះស្តារ ឡើងវិញចំនួន ១,៩៧៦ហិកតា ក្រៅពីនោះបានប៉ះពាល់ដំណាំពោតចំនួន ៥៣ហិកតា និងរង ការខូចខាតចំនួន ២៧ហិកតា រួមទាំងប៉ះពាល់ដំណាំផ្សេងៗ ចំនួន ៦១៩ហិកតា និងរងការខូចខាត ចំនួន ៣២០ហិកតា ផងដែរ ។
ជាមួយគ្នានោះ លោក ខ្លូត ចិន្តា អភិបាលរងខេត្ត បានថ្លែងថា ក្នុងករណីគ្រោះទឹកជំនន់ខាងលើនេះ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់មន្ត្រីជំនាញ នៃ មន្ទីរអង្គភាពពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដែលរងផលប៉ះពាល់នៃទឹកជំនន់នោះ ត្រូវរៀបចំ ឯកសារឱ្យបានច្បាស់លាស់ និងឱ្យបានឆាប់រហ័ស ដើម្បីស្នើសុំទៅគណៈកម្មការគ្រប់គ្រង គ្រោះមហន្តរាយ សម្រាប់ធ្វើការស្តារឡើងវិញ ឱ្យបានទាន់ពេលវេលា ៕






































