ខេត្តស្ទឹងត្រែង៖ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង លោក ឈាង ឡាក់ ,អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា និងមានការនិមន្តចូលរួមពីព្រះសង្ឃជាច្រើនព្រះអង្គ បានដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក កងកម្លាំង៣ អង្គភាព ស្ថាប័នពាក់ព័ន្ធក្នុងខេត្ត រួមទាំងអគ្គកុងស៊ុលឡាវ ប្រចាំខេត្តស្ទឹងត្រែង នាថ្ងៃទី១៥តុលា២០២៥ បានរួមគ្នាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប១៣ឆ្នាំ (១៥តុលា២០១២-១៥តុលា២០២៥) នៅស្តូបអនុស្សាវរីយ៍ ដែលជាស្នាព្រះហស្ថរបស់ព្រះអង្គ ស្ថិតនៅក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
នៅក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ធ ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ “ព្រះមរមរតនកោដ្ឋ” នាព្រឹកថ្ងៃ១៥តុលា២០២៥នេះ ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ក៏បានរៀបចំធ្វើពិធីបង្សុកូល ពិធីស្មឹងស្មាតថ្វាយដួងព្រះវិញ្ញាណខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ នៃប្រជានុរាស្ត្រខ្មែរ ផងដែរ។
ការប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ បង្សុកូល ស្មឹងស្មាត និងការបំពាក់កម្រងផ្កានេះឡើង ក្នុងគោលបំណង និងបង្ហាញឲ្យឃើញពីសេចក្តីគោរព ស្រឡាញ់ ពោរពេញដោយភក្តីភាពយ៉ាងជ្រាលជ្រៅ ដែលមិនអាចកាត់ថ្លៃបានរបស់ប្រជានុរាស្ត្រខ្មែរ ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈ ដែលព្រះអង្គបានបន្សល់ទុក នូវស្នាព្រះហស្ថជាច្រើន សម្រាប់ប្រទេសជាតិ និងប្រជារាស្រ្តរបស់ព្រះអង្គ។
ព្រះករុណា “ព្រះបរមរតនកោដ្ឋ” ព្រះអង្គបានទាមទារ ឯករាជ្យជាតិ ទាំងស្រុង ពីនឹមត្រួតត្រា នៃអាណានិគមនិយមបារាំងសេស និងការទាមទារបានមកវិញ ប្រាសាទព្រះវិហារ ពីប្រទេសសៀម តាមរយៈតុលាការយុត្តិធម៌អន្តរជាតិ ICJ មិនតែប៉ុណ្ណោះ ព្រះអង្គបានបំពេញព្រះរាជបេសកកម្មក្នុងការបង្រួបបង្រួម ផ្សះផ្សាជាតិ និងកសាងបាននូវសមិទ្ធផលធំៗជាច្រើនទៀត សម្រាប់សង្គមជាតិ និងប្រជាជាតិខ្មែរទាំងមូល។
ប្រជារាស្ត្រខ្មែរទូទាំងប្រទេស ក៏ដូចជា ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តស្ទឹងត្រែង នៅតែមានអារម្មណ៍ក្ដុកក្ដួល និងសោកស្តាយឥត គណនា ដែលកម្ពុជាបានបាត់បង់ នូវព្រះមហាវីរក្សត្រដ៏ឆ្នើមបំផុត ដែលព្រះអង្គ ជាព្រះរាជ បិតា សន្តិភាព បង្រួបបង្រួមជាតិ និងផ្សះផ្សាជាតិ ព្រះអង្គបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណភ្លឺថ្លា ឈ្លាសវៃ ពោរពេញដោយបទពិសោធន៍កំពូល ទ្រង់មានព្រះតម្រិះរិះរកគន្លឹះដោះស្រាយបញ្ហាកម្ពុជា ប្រកបដោយគតិបណ្ឌិតទេពកោសល្យ ស្របតាមមាគ៌ាដ៏ត្រឹមត្រូវ ធ្វើឱ្យប្រជារាស្ត្រខ្មែរ ទទួលបាននូវសុខសន្តិភាព ជីវភាពរស់នៅសុខដុមរម្មនា ដោយស្ងប់ចិត្តស្ងប់ អារម្មណ៍ រួមរស់ជាមហាគ្រួសារតែមួយ ក្រោមដំបូលឆ័ត្រតែមួយ គឺរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
បើទោះបីព្រះអង្គបានយាងចូលទិវង្គតទៅហើយក្តី ក៏ប្រជារាស្ត្រខ្មែរទូទាំងប្រទេស នៅតែចងចាំជានិច្ចមិនអាចបំភ្លេចបាន ចំពោះព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ ក្នុងការដណ្តើមបានទាំងស្រុងមកវិញ នូវឯករាជ្យជាតិ ជូនជាតិមាតុភូមិ ពីអាណានិគមនិយមបារាំង នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដែលធ្វើឱ្យកម្ពុជាងើបមុខមាត់ មានកេរ្តិ៍ឈ្មោះ កិត្តិសព្ទ និងមានការអភិវឌ្ឍរីកចម្រើន ជាបន្តបន្ទាប់ រហូតមកដល់សព្វថ្ងៃនេះ។
ក្នុងនាមជាប្រជារាស្ត្រខ្មែរ ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងគ្រប់លំដាប់ថ្នាក់ និងប្រជាលរដ្ឋទូទាំងខេត្តស្ទឹងត្រែង សូមសម្តែងនូវការគោរព ដឹងគុណដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះករុណា “ព្រះបរមរតនកោដ្ឋ” ដែលព្រះអង្គបានលះបង់ ព្រះកាយពល និងបូជា ចំពោះជាតិ មាតុភូមិកម្ពុជា៕ដោយ៖ឡុង សំបូរ






































