កំពង់ធំ÷ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញរួមមាន លោក ប៉ី វិចិត្រ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ និងមន្រ្តី លោកនាយសង្កាត់រដ្ឋបាលជលផលពាមបាង និងមន្រ្តី លោកនាយសង្កាត់រដ្ឋបាលជលផលស្ទោង
និងមន្រ្តី កម្លាំងចម្រុះទីបញ្ជាការស្រាលប្រចាំការឃុំពាមបាង ស្រុកស្ទោង បានចេញប្រតិបត្តិការត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានជលផលនៅចំណុចបាឡត រហូតដល់ បាទាល់ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥។
នៅថ្ងៃដដែលលោក លឹម សុថាត នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម បានដឹកនាំកម្លាំងទីបញ្ញាការស្រាលឈរជើងនៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលនៅចំណុចរលំទ្រង់ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។ លោក ផល សុខហ៊ាង នាយសង្កាត់រដ្ឋបាលជលផលព្រៃគុក និងមន្រ្តី បានដឹកនាំកម្លាំងសមាគមហ៍ស្រះជម្រកត្រីក្អែកងូត អាជ្ញាធរ ប្រជាការពារ ចុះបង្ក្រាបបទល្មើសជលផលនៅចំណុចភូមិកំពង់ឈើទាល ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញ និងកម្លាំងចម្រុះទីបញ្ជាការស្រាលប្រចាំការ បានចេញប្រតិបត្តិការត្រួតពិនិត្យ ទប់ស្កាត់ បង្រ្កាបបទល្មើសធនធានជលផលក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជាលទ្ធផលអនុវត្តបាន០១ករណី បានរុះរើកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ របាំងសាច់អួនក្រឡាញឹកនៅនឹងកន្លែងរួមមាន÷ របាំងសាច់អួនក្រឡាញឹកចំនួន២០របាំង ប្រវែង២.៥៥៥ម៉ែត្រ ឡុកសាច់អួនចំនួន២៦គ្រឿង លូ/លបចំនួន៣០មាត់ បរចំនួន២មាត់ បង្គោលកូនឈើចំនួន៧៤៨ដើម និងចាកលែងត្រីចម្រុះទំងន់៥០គីទ្បូក្រាមចូលទន្លេវិញ។
សូមបញ្ជាក់ផងដែរថា ក្នុងប្រតិបត្តិការនេះដែរ ឯកឧត្តម និង លោកនាយខណ្ឌ បានផ្ដល់សូឡា(pecron)ចំនួន០៣គ្រឿងជូនដល់សង្កាត់រដ្ឋបាលជលផលពាមបាង០២គ្រឿង និងសង្កាត់រដ្ឋបាលជលផលស្ទោងចំនួន០១គ្រឿង ដើម្បីប្រើប្រាស់។ ចំពោះការប្រើប្រាស់ជាមធ្យោបាយកាណូតធំ១គ្រឿង និងកាណូតតូចចំនួន៦គ្រឿង ប្រើប្រាស់ប្រេងសាំងអស់ចំនួន៣១០លីត្រ ប្រើប្រេងម៉ាស៊ូតអស់០២កាន ស្មើនឹង៦០លីត្រផងដែរ៕





































