(កំពង់ធំ)÷ រដ្ឋបាលស្រុកស្ទោងប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធសម្ដេចព្រះបរមរតនកោដ្ឋគម្រប់ខួប ១៣ព្រះវស្សានៃការចូលទីវង្គត លោកឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុក និងសមាជិកសមាជិកា ព្រមទាំងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី កងកម្លាំងទាំងបី ព្រះមន្ត្រីសង្ឃ និងពុទ្ធបរិស័ទប្រជាពលរដ្ឋជាច្រើនកុះករបានអញ្ជើញប្រារព្ធពិធីគោរពព្រះ
វិញ្ញាណក្ខន្ធសម្ដេចព្រះបរមរតនកោដ្ឋគម្រប់ខួប១៣ព្រះវស្សា នៃការសោយទីវង្គត នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នៅវត្តស្រីទូល ក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។
លោក សាយ គឹមឡម អភិបាលស្រុកស្ទោងបានឱ្យដឹងថា ការគោរពព្រះវិញ្ញាណក្ខន្ធនេះគឺជាការតបស្នងៗគុណនូវមហាគុណូបការៈរបស់ព្រះអង្គដែលបានលះបង់ព្រះកាយពលសព្វបែបយ៉ាងដើម្បីជាតិមាតុភូមិជាពិសេសការទាមទាឯករាជជាតិពីអាណានិគមនិយមបារាំង កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ និងការទាមទារយកប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក ពីសៀមកាលពីខែមិថុនាឆ្នាំ១៩៦២ មកជូនជាតិមាតុភូមិនៃយើងវិញ ជាពិសេសការបង្រួបបង្រួមបញ្ចប់សង្គ្រាមរ៉ាំរ៉ៃដោយសន្តិវិធីគឺឈានទៅដល់ការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ ជ្រើសរើសនាយករដ្ឋមន្ត្រីកាលពីខែឧសភា ឆ្នាំ១៩៩៣ យ៉ាងត្រចះត្រចង់។
លោកបន្ថែមថាក្នុងនាម រដ្ឋបាលស្រុកស្ទោង និងសហការី ព្រមទាំងប្រជារាស្ត្រក្នុងស្រុកស្ទោង សូមដង្ហែរតាមនូវព្រះរាជបូជណីកិច្ចព្រះរាជដឹកនាំ និងព្រះបន្ទូលរបស់ព្រះអង្គដែលបាននាំនាវាកម្ពុជា និងជាតិមាតុភូមិបានរីកចម្រើនរុងរឿងបំផុតនៅក្នុងសម័យសង្គមរាស្ត្រនិយម។
សូមបញ្ជាក់ថាសម្តេច” ព្រះបរមរតនកោដ្ឋ បានយាងសោយទីវង្គតកាលពីថ្ងៃទី ១៥ តុលា ២០១២ ទៅសាធារណរដ្ឋប្រជាមានិតចិន ហើយនៅក្នុងពិធីនេះក៏មានការបង្សុកូល ប្រគេននូវទេយ្យទានមួយចំនួនធំ និងបច្ច័យចំនួន៧៦ម៉ឺនរៀលដល់ព្រះសង្ឃ ដើម្បីឧទ្ទិសព្រះរាជកុសលថ្វាយសម្ដេចព្រះបរមរតនកោដ្ឋជាអម្ចាស់នៃយើង សូមព្រះវិញ្ញាណក្ខន្ធព្រះអង្គបានដល់ឋានទីបរមសុខកុំបីអាក់ខានឡើយ។






































