កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់លើកុមារ និងជំរុញធ្វេីយ៉ាងណាឱ្យពួកគេបានចូលរៀនគ្រប់ៗគ្នា ដើម្បីធានាថាទំពាំងស្នងឫស្សីទាំងនេះទទួលបានការអភិវឌ្ឍប្រកបដោយគុណភាព។ ថ្លែងបែបនេះក្នុងកិច្ចប្រជុំស្តីពី វឌ្ឍនភាព ដំណើរការផ្តល់ជ័យលាភី នៃការ
អនុវត្តគោល នយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” និងសេវាសង្គម សម្រាប់រដ្ឋបាលឃុំ សង្កាត់ ឆ្នាំ២០២៥ នារសៀលថ្ងៃទី២០ ខែតុលា នេះ ។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា ក្រុមប្រឹក្សាឃុំ សង្កាត់រួមទាំងប៉ុស្តិ៍នគរបាលរដ្ឋបាល គឺជាប្រតិបត្តិករដ៏សំខាន់ក្នុងការអនុវត្តគោល-នយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព- ជាពិសេសការផ្តល់សេវារដ្ឋបាល ការអភិវឌ្ឍ មូលដ្ឋាន ការរក្សា សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ការលើកកម្ពស់អនាម័យ សោភ័ណ្ឌភាព និងបរិស្ថានល្អក្នុងដែនសមត្ថកិច្ច របស់ខ្លួន។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ដើម្បីចូលរួមប្រឡងប្រណាំ នៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងសេវាសង្គម ឆ្នាំ២០២៥ ឱ្យទទួលបានលទ្ធផលល្អប្រសើរ រដ្ឋបាលឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់តាមរយៈការសហការជាមួយមណ្ឌលសុខភាព និងដៃគូពាក់ព័ន្ធ ដេីម្បីធ្វើការថែរក្សាសុខភាពស្ត្រី និងទារក ដែលជាការងារអាទិភាពបំផុត ។
ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវពង្រឹងយន្តការគាំទ្រ និងអន្តរាគមន៍ឱ្យបានខ្លាំងក្លា ចំពោះការជួយ ទប់ស្កាត់ជម្លោះក្នុងគ្រួសារ និងការប្រើប្រាស់អំពើហិង្សាគ្រប់ទម្រង់ផងដែរ ៕






































