អភិបាលខេត្តកំពង់ចាម បានណែនាំដល់ក្រុមការងារជាង ត្រូវសាងសង់អគាររដ្ឋបាលថ្មី ឱ្យបានឆាប់រួចរាល់នៅដើមខែមេសា ឆ្នាំ២០២៦

0

កំពង់ចាម:  អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់ក្រុម ការងារជាង ធ្វើយ៉ាងណាត្រូវសាងសង់អគាររដ្ឋបាលថ្មី ជាពិសេសត្រូវរៀបចំរចនាបទ និង សោភ័ណភាព នៅខាងក្នុង ឱ្យបានឆាប់រួចរាល់ ដើម្បីប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជា ផ្លូវការ នៅមុនពេលចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងខែមេសា ឆ្នាំ២០២៦ ការណែនាំបែបនេះក្នុង ឱកាសចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់អគាររដ្ឋបាលសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៥ ។ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ដោយមើលឃើញ ពីការលំបាករបស់មន្ត្រី ដែលកំពុងបម្រើការងារនៅសាលាខេត្ត ក៏ដូចជា ការផ្តល់នូវទីកន្លែង សមរម្យ សម្រាប់មន្ត្រីបំពេញការងារប្រចាំថ្ងៃ ក្នុងការបម្រើសេវាសាធារណៈ ជូនដល់បងប្អូន ប្រជាពលរដ្ឋ ក៏ដូចជាសាធារណៈជនផងនោះ គណៈអភិបាល បានឯកភាព និងអនុញ្ញាតឱ្យក្រុម ការងារជាង ធ្វើការសាងសង់អគាររដ្ឋបាលថ្មីនេះ ឱ្យបានឆាប់រហ័សតាមការគ្រោងទុក ក្នុង រយៈពេល៦ខែ ពោលគឺដើមខែ៤ ឆ្នាំ២០២៦ ខាងមុខនេះ ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នសំណង់នេះកំពុងសាងសង់លទ្ធផលសម្រេចបានប្រមាណជា ៨០% ហើយ ខណៈគម្រោងអាគារថ្មី នៃរដ្ឋបាលសាលាខេត្តនេះ ត្រូវបានសាងសង់ឡើងអំពីបេតុងអាមេ ជញ្ជាំងរៀបឥដ្ឋ និងតំបូលប្រក់ក្បឿង ដែលមានទំហំបណ្តោយជាង ៥៣ម៉ែត្រ ទទឹង ២៤ម៉ែត្រ និង កម្ពស់ ៣ជាន់ ដោយមានទីតាំងនៅក្នុងបរិវេណសាលាខេត្ត ស្ថិតក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុង កំពង់ចាម។ ក្រៅពីអគារថ្មីនេះដែរ រដ្ឋបាលខេត្តកំពង់ចាម ក៏មានអគារចាស់ជាច្រើន និងទីធ្លាក្នុង សាលាខេត្ត ត្រូវបានធ្វើការជួសជុលកែលម្អ ទុកសម្រាប់មន្ត្រីបម្រើការងារ ជារៀងរាល់ថ្ងៃ ផងដែរ៕