ខេត្តស្ទឹងត្រែង៖ កូនត្រីមេពូជ ៣ប្រភេទ ដែលមានចំនួន ៤ម៉ឺនក្បាល ត្រូវបានអាជ្ញាធរខេត្តស្ទឹងត្រែង ធ្វើការព្រលែងចូលទៅក្នុងទឹកទន្លេសេកុង ដែលជាដែនទឹកធម្មជាតិ ដើម្បីបង្កើនផលស្តុកធម្មជាតិ និងជាសារផ្សព្វផ្សាយ ជូនដល់ប្រជាពលរដ្ឋបានយល់ដឹងបន្ថែម លើកិច្ចការពារធនធានជលផល និងជីវចម្រុះឲ្យបានគង់វង្ស និងសំបូរបែបឡើងវិញ។
ពិធីលែងកូន ៣ប្រភេទ មានចំនួន ៤ម៉ឺនក្បាលនោះ បានធ្វើឡើងក្រោមវត្តមាន លោក សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ទូច គង្គា អភិបាលរងខេត្តស្ទឹងត្រែង ដោយមានការចូលរួមពី លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក ស្រី សមវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង រួមទាំង លោក ប្រាក់ ទិត ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្គលើ និងមន្ត្រីក្រោមឱវាទជាច្រើនរូបទៀត នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមកិច្ចសហការ រវាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង ជាមួយមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្គលើ ដែលមានមូលដ្ឋាន នៅភូមិបាដើម ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ។
កូនត្រីមេពូជទាំង ៤ម៉ឺនក្បាល ដែលត្រូវលែងចូលក្នុងទន្លេសេកុងក្នុងពេលនោះ រួមមាន៖ កូនត្រីឆ្ពិន ៣ម៉ឺនក្បាល កូនត្រីប្រា ៧ពាន់ក្បាល និងកូនត្រីពោ ៣ពាន់ក្បាល ។
នៅក្នុងឱកាសនោះ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក សេន សុវណ្ណ មានប្រសាសន៍ កោតសរសើរខណ្ឌរដ្ឋបាលជលផល មន្ទីរកសិកម្មខេត្ត ដែលបានសហការណ៍យ៉ាងជិតស្និទ្ធជាមួយ អាជ្ញាធរខេត្តស្ទឹងត្រែង រួមទាំងមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្គលើ ក្នុងការពង្រឹងការថែរក្សា អភិរក្សធនធានជនលផលបានយ៉ាងល្អប្រសើរ ។
លោករដ្ឋលេខាធិការបានបន្តថា សកម្មភាពលែងកូនត្រីពូជនេះ ក៏ជាការដាស់ស្មារតីដល់អ្នកនេសាទទាំងអស់ ឲ្យរួមគ្នាអភិរក្ស និងបញ្ឈប់ការនេសាទដោយខុសច្បាប់តទៅទៀត។ លោករដ្ឋលេខាធិការ បានថ្លែងចាត់ទុកថា ការលែងកូនត្រីទាំង ៣ ប្រភេទ រួមមាន៖ ត្រីឆ្ពិន ត្រីពោ និងត្រីប្រា នឹងជួយបង្កើនភាពសម្បូរបែប នៃធនធានជលផល សម្រាប់រដូវបើកនេសាទ និងលោកក៏បានអំពាវនាវដល់អ្នកនេសាទទាំងអស់ ឱ្យរួមគ្នាអភិរក្សធនធានជលផល និងចៀសវាងការប្រើប្រាស់ឧបករណ៍នេសាទ ដែលច្បាប់ហាមឃាត់។
អភិបាលរងខេត្តស្ទឹងត្រែង លោក ទូច គង្គា បានថ្លែង លើកទឹកចិត្តដល់ខណ្ឌរដ្ឋបាលជលផល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក៏ដូចស្ថាប័នជំនាញពាក់ព័ន្ធ ឲ្យបង្កើនការថែរក្សា អភិរក្សធនធានជលផលឲ្យបានល្អប្រសើរថែមទៀត ជាពិសេសអ្នកនេសាទទាំងអស់ ត្រូវចេះស្រឡាញ់ធនធានត្រីក្នុងទឹក ជីវចម្រុះ និងត្រូវរួមគ្នាគោរពច្បាប់ជលផលឲ្យបានខ្ជាប់ខ្ជួន។ លោកអភិបាលរងខេត្ត បានថ្លែង ចាត់ទុកការលែងកូនត្រីទាំង ៤ម៉ឺនក្បាលក្នុងពេលនោះ គឺជាធនធានជលផលរួម សម្រាប់ប្រជាពលរដ្ឋខេត្តស្ទឹងត្រែងទាំងមូល។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ បានលើកឡើងថា បច្ចុប្បន្ន មន្ត្រីបច្ចេកទេសវារីសត្វមេគង្គលើ កំពុងខិតខំភ្ញាស់កូនត្រីពូជជាច្រើនប្រភេទ ក្នុងនោះមានពូជត្រីប៉ាសេអ៊ី ផងដែរ សម្រាប់ផ្គត់ផ្គង់ដល់ក្រុមវារីវប្បករក្នុងខេត្ត និងខេត្តជិតខាង ក្នុងគោលដៅកាត់បន្ថយការពឹងផ្អែក លើការទិញកូនត្រីពីបណ្ដាខេត្តផ្សេងៗ ឬប្រទេសជិតខាង ដែលអាចចំណាយពេលវេលា និងថវិកាច្រើន។
ដោយឡែក ក្រុមបច្ចេកទេសខណ្ឌរដ្ឋបាលជលផល ក៏បានត្រៀមផ្ដល់បច្ចេកទេសចិញ្ចឹមត្រី ដល់បងប្អូនផ្នែកវារីវប្បកម្មឱ្យបានច្រើនគ្រួសារ ដើម្បីរួមចំណែកក្នុងការអភិរក្សធនធានមច្ឆជាតិធម្មជាតិ ក្នុងទន្លេមេគង្គ ឱ្យកាន់តែសម្បូរបែប និងកាត់បន្ថយការនេសាទត្រីធម្មជាតិ៕ដោយ៖ឡុង សំបូរ






































