ប្រជាពុទ្ធបរិស័ទ្ធដង្ហែរអង្គកឋិនទានសាមគ្គី ចូលវត្តព្រំគីរីមរកត ស្ថិតតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជាធម្មតា ព្រោះតែការជឿរជាក់ លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំប្រទស

0

ប៉ៃលិន៖ ទោះបីប្រទេសកម្ពុជា នៅមានជម្លោះព្រំដែន ជាមួយប្រទសថៃក្តី ប៉ុន្តែប្រជាពលរដ្ឋ ក៍ដូចជាប្រជាពុទ្ធបរិស័ទ្ធជិតឆ្ងាយ ក្នុងខេត្តប៉ៃលិន នៅតែបន្តជឿរជាក់ លើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន មាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពូជា ក្នុងការធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព ស្ថេរភាពនយោបាយ និងសន្តិភាពក្នុងតំបន់។ ជាក់ស្តែង ព្រំគីរីមរកត គឺជាវត្តមួយ ដែលមានចម្ងាយប្រហែល៦០០ម៉ែត្រ ពីតំបន់ព្រំដែនប្រទេសថៃ ក្នុងទីប្រជុំជនភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានបន្តធ្វើបុណ្យកឋិនទានសាមគ្គី នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ក្រោមការចូលរួមពីពុទ្ធបរិស័ទ្ធជិតឆ្ងាយ រួមមាន៖ ខេត្តបាត់ដំបង ខេត្តពោធិសាត់ ខេត្តបន្ទាយមានជ័យ  និងរាជធានីភ្នំពេញ យ៉ាងច្រើនកុះករ ។

ព្រះគ្រូ វែន ចន្ទសាម៉ៃ ព្រះអនុគណស្រុកសាលាក្រៅ និងជាព្រះចៅអធិការវត្តព្រំគីរីមរកត ហៅវត្តផ្សារព្រំ បានមានថេរៈដីការថា៖ ក្រោមការដឹកនាំដ៍ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ រហូតមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាអាណត្តិទី៧នេះ បានធ្វើអោយប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យសាសនា ក្នុងនោះ ប្រជាពលរដ្ឋរស់នៅយ៉ាងសុខសាន្ត ប្រកបមុខរបរចិញ្ចឹមជីវិត ដោយសេរី មានការសាមគ្គីគ្នា ជាធ្លុងមួយឯកភាពជាតិ ខ្មែរជួយខ្មែរយ៉ាងសុខដុមរមនា ផ្ដល់តែភាពញញឹម មានសុភមង្គលគ្រប់ក្រុមគ្រួសារ ក្រោមម្លប់សន្តិភាពសម្ដេចតេជោសែន ។

ព្រះអនុគណស្រុកសាលាក្រៅ និងជាព្រះចៅអធិការវត្តព្រំគីរីមរកត ហៅវត្តផ្សារព្រំ មានថេរៈដីកាបន្តថា៖ ព្រះពុទ្ធសាសនា គឺជាសាសនា របស់រដ្ឋ ដែលបានចែង នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ហើយបុណ្យកឋិនទាននេះ មានតែព្រះពុទ្ធសាសនាទេ ដែលបានកំណត់សម័យកាល នៃការប្រារព្ធធ្វើមានរយៈពេល ២៩ថ្ងៃ គឺចាប់ផ្ដើមពីថ្ងៃ១រោច អស្សុជ ដល់ថ្ងៃ១៥កើត ខែកក្តិក ហើយជាពេលមួយ ដែលពុទ្ធបរិស័ទបាននាំយកស្បង់ត្រ័យជីវរ ទៅវេរប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាអស់កាលត្រីមាស ៣ខែ ។

ព្រះគ្រូ វែន ចន្ទសាម៉ៃ ព្រះអនុគណស្រុកសាលាក្រៅ និងជាព្រះចៅអធិការវត្តព្រំគីរីមរកត ហៅវត្តផ្សារព្រំ បានមានថេរៈដីការបញ្ជាក់ថា៖ កឋិនទាន ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដែលមានសម្តែងទុកក្នុង ព្រះវិន័យ​បិដក មហាវគ្គ កឋិនក្ខន្ធកៈ ដែលទាយក ទាយិកាមានសទ្ធាជ្រះថ្លា នាំយកចីវរ ទៅ​វេរ​ប្រគេនព្រះ​ភិក្ខុ​សង្ឃ ដែលបានគង់ចាំវស្សាអស់ត្រីមាស ក្នុងអាវាសវត្តណាមួយ និងជាទានវិសេស មានលក្ខណៈ​ប្លែក​ជាងទានដទៃ៥យ៉ាង ភិក្ខុសង្ឃបានក្រាលគ្រង កឋិនទទួលបាន សង្ឃលាភ និងអានិសង្ស ៥ ហើយអ្នកប្រគេនកឋិនចីវរ ក៏ទទួលបានអានិស្ស៥ផងដែរ។ ជាមួយគ្នានេះព្រះអនុគណស្រុកសាលាក្រៅ ក៍មានថេរៈដីកាអំពាវនាវ ដល់ប្រជាពុទ្ធបរិស័ទ្ធទាំងអស់ ដែលអញ្ជើញចូលរួមបុណ្យកឋិនទានសាមគ្គីនេះ សូមបន្តចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការថែរក្សាការពារសន្តិភាព ពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការការពារសមិទ្ធផលនានា របស់ជាតិ ឲ្យបានស្តិតស្ថេរគង់វង្ស និងការអភិវឌ្ឍប្រទេសជាតិផងដែរ។

គួរំលឹកផងដែរថា៖ ពាក់ព័ន្ធនឹងបញ្ហាជម្លោះនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងបញ្ជាក់នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះថា៖ រាជរដ្ឋាភិបាលស្ងាត់តែមិនបាននៅស្ងៀមនោះទេ គឺបានគិតគ្រប់មុខព្រួញទាំងអស់ ដើម្បីដោះស្រាយ ទាំងកងទ័ព ជនភៀសសឹក អ្នកវិលត្រឡប់មកពីប្រទេសថៃ និងមានគោលដៅសំខាន់គឺការពារអាយុជីវិត ទ្រព្យសម្បត្តិ ទឹកដី និងការស្តារឡើងវិញនូវបរិស្ថានដែលអាចឱ្យប្រជាជនរស់នៅបានល្អប្រសើរឡើងវិញ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នាឱកាសដែលសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) លំដាប់ថ្នាក់ 4F ដែលចំណាយថវិកាសាងសង់អស់ ២,៣០០លានដុល្លារសហអាមេរិក ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលជាស្ថាបនិកនយោបាយឈ្នះឈ្នះ បិតាសន្តិភាព និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាផងដែរ៕

អត្ថបទ ភ្នំយ៉ាត ប៉ៃលិន