សាខាសមាគមនារីខេត្តត្បូងឃ្មុំ ចុះសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនដល់ គ្រួសារវីរកងទ័ព កំពុងពពោះ និងទើបសម្រាលកូនរួច ចំនួន ៧គ្រួសារ ក្នុងស្រុកមេមត់

0

ត្បូងឃ្មុំ: លោកជំទាវ ហេង សំអាន ប៉ែនកុសល្យ ប្រធានកិត្តិយសសាខាសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់គ្រួសារវីរៈកងទ័ព ចំនួន ៧គ្រួសារ ដែលកំពុងពពោះ និងទើបសម្រាលកូនរួច ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះដែរ លោកជំទាវ ហេង សំអាន ប៉ែនកុសល្យ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍។

លោកជំទាវបានលើកទឹកចិត្តដល់ក្រុមគ្រួសារវីរៈកងទ័ព ឱ្យបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សម្ដេចតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋ ជាពិសេសគ្រួសារកងទ័ព និងវីរៈកងទ័ពជួរមុខ។ លោកជំទាវបានបញ្ជាក់ថា សម្ដេចបានខិតខំរក្សាបទឈប់បាញ់ ដើម្បីបញ្ឈប់សង្គ្រាមរវាងកម្ពុជានិងថៃ ដូច្នេះសូមបងប្អូនក្រុមគ្រួសារកងទ័ពកុំព្រួយបារម្ភ។

ជាមួយគ្នានេះ លោកជំទាវក៏បានផ្ដាំផ្ញើដល់បងប្អូនកូនក្មួយ ដែលមានស្វាមីជាកងទ័ព ហើយកំពុងពពោះ ឬទើបសម្រាលកូនរួច ឱ្យថែរក្សាសុខភាព អនាម័យ និងបរិភោគអាហារបំប៉នគ្រប់គ្រាន់ ដើម្បីសុខភាពម្ដាយនិងទារកល្អប្រសើរ។ ជាពិសេសនៅរដូវភ្លៀងនេះ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាពទារកផងដែរ ៕

ជាចុងក្រោយ លោកជំទាវ រួមនឹងក្រុមការងារសាខាសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ បានប្រគល់អំណោយរួមមាន គ្រឿងឧបភោគ-បរិភោគ សម្ភារទារកនិងម្ដាយ ព្រមទាំងថវិកាចំនួន ១,៦០០,០០០ រៀល (មួយលានប្រាំមួយសែនរៀល) របស់សមាគម និងថវិកាចំនួន ៧០០,០០០ រៀល (ប្រាំពីរសែនរៀល) របស់លោកជំទាវ ហេង សំអាន ប៉ែនកុសល្យផ្ទាល់ ជូនដល់គ្រួសារវីរៈកងទ័ពទាំង ៧ គ្រួសារ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។