កំពង់ធំ÷ រសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងលោកស្រី លឹម អៀងចេង បានដឹកនាំកងកម្លាំងចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ស្ថិតនៅគេហដ្ឋានសពក្នុងភូមិបឹងសំរឹទ្ធ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
លោកឧត្តមសេនីយ៍ទោ ហេង សុផល បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើចូលរួមចូលរួមរំលែកពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនចំពោះក្រុមគ្រួសារសព។
លោកឧត្តមសេនីយ៍ទោបានថ្លែងថា ក្នុងនាមកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងក្នុងនាមលោកផ្ទាល់ មានសេចក្តីរន្ធត់ក្ដុកក្ដួល និងក្រៀមក្រំជាពន់ពេក ដោយបានទទួលដំណឹងដ៏សែនក្រៀមក្រំអំពីមរណភាពរបស់លោកវរសេនីយ៍ទោ ហួន សាវ័យ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចភូមិ បែកចាន ឃុំអណ្ដូងពោធិ៍ ស្រុក តាំងគោក ខេត្តកំពង់ធំ ។
លោកស្នងការបន្តថ្លែងថា មរណភាពរបស់លោកវរសេនីយ៍ទោ ហួន សាវ័យ គឺជាការបាត់បង់នូវស្វាមី ឪពុកនិងបងប្អូន ជាទីស្រឡាញ់ប្រកបដោយព្រហ្មវិហាធម៌ ក៏ដូចជាការបាត់បង់នូវមន្ត្រីនគរបាលជាតិ ដ៏អង់អាចក្លាហាន ដែលជានិច្ចកាលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត និងសេចក្តីសុខផ្ទាល់ខ្លួន រហូតលះបង់អាយុជីវិតប្រកបដោយកិត្តិយស ដើម្បីបុព្វហេតុសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម។
ពលិកម្មរបស់លោកវរសេនីយ៍ទោ ហួន សាវ័យ គឺជាគំរូវីរភាព ដ៏ឧត្តុង្គឧត្តម និងទទួលបាននូវការកោតសរសើរ ស្ញប់ស្ញែងពីថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ ក៏ដូចជាប្រជាពលរដ្ឋ ផងដែរ ។
លោកស្នងការ បន្តមានប្រសាសន៍ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សូមសម្តែងនូវសមានចិត្តក្រៀមក្រំ ចូលរួមរំលែកទុក្ខដោយក្ដីសោកស្តាយជាមួយក្រុមគ្រួសារ និងសូមបួងសួង ឧទ្ទិសដល់គុណបុណ្យព្រះរតនត្រ័យ សូមដួងវិញ្ញាណក្ខន្ធរបស់លោកវរសេនីយ៍ទោ ហួន សាវ័យ ឆាប់បានយោនយកកំណើតចាប់បដិសន្ធិ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាត ។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានឧបត្ថម្ភ ថវិកាចំនួន ១០,០០០,០០០រៀល ជូនលោកស្រីអនុសេនីយ៍ទោ យឹម ឆេងលី ត្រូវជាភរិយាសព ដើម្បីចូលរួមសម្រាលការដោះស្រាយចំណាយក្នុងពិធីបុណ្យ៕






































