កំពង់ធំ ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរង ទទួលដឹកនាំការងារបុគ្គលិក និងធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាល
ជាតិ បានដឹកនាំប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរសក្តិថ្នាក់វរសេនីយ៍ឯកជាកិច្ចបច្ឆាមរណៈ សពមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។
សូមជម្រាបថា លោកវរសេនីយ៍ទោ ហួន សាវ័យ នាយរងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានពលីជីវិតកាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៥ ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចភូមិ បែកចាន ឃុំ អណ្ដូងពោធិ៍ ស្រុក តាំងគោក ខេត្តកំពង់ធំ ហើយត្រូវបានក្រុមគ្រួសារសពរៀបចំធ្វើបុណ្យតាមប្រពៃណីទំនៀមទំលាប់ព្រះពុទ្ធសាសនា នៅគេហដ្ឋាន ក្នុងភូមិបឹងសំរឹទ្ធ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ។
ក្នុងពិធីនោះដែរ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ លោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលស្រុក លោក លោកស្រីអធិការរង នាយ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្ត្រីនគរបាលចំណុះ ឱ្យស្នងការដ្ឋាននគរបាលខេត្ត ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកពីសំណាក់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនចំពោះក្រុមគ្រួសារសព ហើយបានចាត់ទុកថាការពលីនេះ គឺជាការលះបង់ដ៏ធំធេងក្នុងបុព្វហេតុ បង្ការ ទប់ស្កាត់ បង្ក្រាបបទគ្រឿងញៀន សំដៅថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរង ទទួលដឹកនាំការងារបុគ្គលិក និងធនធានមនុស្ស បានគូសបញ្ជាក់ថា មរណភាពរបស់លោកវរសេនីយ៍ឯក ហួន សាវ័យ គឺជាការបាត់បង់នូវស្វាមី ឪពុក និងបងប្អូន ជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហាធម៌ ក៏ដូចជាការបាត់បង់នូវមន្ត្រីនគរបាលជាតិ ដ៏អង់អាច ក្លាហាន ដែលជានិច្ចកាល លោកបានលះបង់ពេលវេលា កម្លាំងកាយចិត្ត និងសេចក្តីសុខផ្ទាល់ខ្លួន រហូតលះបង់អាយុជីវិត ប្រកបដោយកិត្តិយស ដើម្បីបុព្វហេតុ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ។
ស្ថិតក្នុងវេលាដ៏សោកសង្រេងនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ឯក សពលោកវរសេនីយ៍ទោ ហួន សាវ័យ ជាកិច្ចបច្ឆាមរណៈ ព្រមទាំងឧទ្ទិសបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសាកសិទ្ធក្នុងលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធរបស់លោក ហួន សាវ័យ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។
ជាកិច្ចចុងក្រោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង បានប្រគល់ថវិកាជូនលោកស្រីអនុសេនីយ៍ទោ យឹម ឆេងលី ត្រូវជាភរិយាសពលោកបរសេនីយ៍ឯក ហួន សាវ័យ រួមមាន៖
១.សមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ៦,០០០,០០០រៀល
២.ថវិកា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ចំនួន ២០,០០០,០០០រៀល
៣.ថវិកា សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ចំនួន ៤,០០០,០០០រៀល ៕






































